ក្នុងចំណោមទ្វីបទាំង៧ ទ្វីបអាស៊ី និងអាហ្វ្រិក ត្រូវបានគេវាយតម្លៃថា ជាទ្វីបដែលកំពុងតែប្រឈមមុខនឹងបញ្ហាគម្លាតរវាងអ្នកមាន និងអ្នកក្រខ្លាំងជាងគេ។ ប៉ុន្តែនៅសម័យបច្ចុប្បន្ននេះនៅទ្វីបអឺរ៉ុបក៏កំពុងតែប្រឈមមុខខ្លាំងជុំវិញគម្លាតរវាងអ្នកមាននិងក្រនេះផងដែរ។ វិសមភាពទ្រព្យសម្បត្តិរវាងប្រទេសនីមួយៗនៅអឺរ៉ុប កាន់តែមានគម្លាត ខណៈរវាងប្រជាជននិងប្រជាជន ក៏កាន់តែមានគម្លាតកាន់តែធំដូចគ្នាដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
វិសមភាពនៃប្រាក់ចំណូលរវាងប្រទេសនានា នៅទូទាំងទ្វីបអឺរ៉ុបកំពុងកើនឡើងខ្លាំង រីឯស្ថានភាពខុសគ្នានៃប្រាក់ចំណូលសម្រាប់មនុស្សពេញវ័យនៅក្នុងប្រទេសនីមួយៗក៏កំពុងមានគម្លាតកាន់តែច្រើនផងដែរ។ ផ្អែកតាមការស្ទង់មតិដែលបានធ្វើឡើងដោយ Eurobarometer បានឲ្យដឹងថា វិសមភាពប្រាក់ចំណូលនៅអឺរ៉ុប នៅពេលនេះ កំពុងតែក្លាយជាក្តីកង្វល់ដ៏ធំក្នុងចំណោមពលរដ្ឋនៅសហភាពអឺរ៉ុប ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកាន់តែខ្លាំង។
នៅពេលនេះស្ថាប័នសេដ្ឋកិច្ចធំៗបានលើកឡើងថា វិសមភាពនៃប្រាក់ចំណូលគឺជាបញ្ហាជាក់ស្តែងនៅអឺរ៉ុប ដោយវាមិនត្រឹមតែកើតមានរវាងប្រទេស និងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែរវាងប្រជាជននិងប្រជាជន ក៏បានកើតមាននៅទូទាំងទ្វីបអឺរ៉ុបផងដែរ។
ប្រទេសស្វីស និងលុច្ស ហ្សំាប៊ួ ត្រូវបានគេដឹងថា គឺជាប្រទេសដែលពលរដ្ឋមានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងបញ្ជី ពោលគឺជាង៦០ម៉ឺនដុល្លារទៅជាង៧០ម៉ឺនដុល្លារក្នុង១ឆ្នាំ តែពលរដ្ឋនៅតួកគីអាចរកចំណូលបានត្រឹមតែ ១ម៉ឺន៨ពាន់ដុល្លារប៉ុណ្ណោះ ខណៈនៅស៊ែប៊ីពលរដ្ឋអាចរកចំណូលបានជាង៣ម៉ឺន៥ដុល្លារក្នុង១ឆ្នាំ។
ផ្អែកតាមស្ថិតិនេះគេអាចវាយតម្លៃបានថា កម្រិតប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗនៅអឺរ៉ុបគឺមានគម្លាតពីគ្នារហូតដល់លើស ១០ដងឯណោះ។ ហើយប្រសិនបើគេក្រឡេកមើលលើរបាយភាគរយនៃប្រាក់ចំណូលរបស់ពលរដ្ឋនៅអឺរ៉ុប ក៏បង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងផងដែរ។
ជាក់ស្តែងនៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេនៅអឺរ៉ុប មានតែពលរដ្ឋ ១០%ទេ ដែលមានប្រាក់ចំណូលតិចជាង ១ម៉ឺនដុល្លារ ខណៈដែលជាង៤៦% មានប្រាក់ចំណូលចន្លោះពី១ម៉ឺនដុល្លារ ដល់១០ម៉ឺនដុល្លារ ហើយ៤០% មានប្រាក់ចំណូលពី១០ម៉ឺនដុល្លារដល់១លានដុល្លារ និងជិត៤%មានប្រាក់ចំណូលលើសពី១លានដុល្លារនៅក្នុង១ឆ្នាំ។
ដោយឡែកស្ថិតិពីប្រទេសតួកគីវិញបានបង្ហាញថា ជិត៧០%នៃប្រជាជនពេញវ័យរកចំណូលបានត្រឹមតែ១ម៉ឺនដុល្លារ ខណៈជាង២៧%រកចំណូលបានចន្លោះពី១ម៉ឺនដុល្លារដល់១០ម៉ឺនដុល្លារ ហើយមានតែ២%ប៉ុណ្ណោះដែលមានប្រាក់ចំណូលពី១០ម៉ឺនដុល្លារឡើងទៅ៕