ក្រសួងសំណង់វៀតណាមបានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនេះ សិក្សាហើយអនុម័តនូវកញ្ចប់ឥណទានថ្មីសម្រាប់អ្នកទិញផ្ទះដែលមានចំណូលទាបជាមួយនឹងអត្រាការប្រាក់អនុគ្រោះទាបជាងអត្រាប្រាក់កម្ចីដែលផ្តល់ដោយធនាគារពាណិជ្ជនានា។ ការស្នើសុំនេះគឺកើតឡើងក្រោយពេលដែលកញ្ចប់ដែលមានទំហំ៤,៧ពាន់ដុល្លារ ដែលបានដាក់ចេញកន្លងមកត្រូវបានគេពិនិត្យថា នៅទ្រឹងគ្មានប្រសិទ្ធភាពហើយ ពលរដ្ឋមិនចាប់អារម្មណ៍ ។
សារព័ត៌មាន Vietnam News បានរាយការណ៍ថា ដើម្បីសង្រ្គោះនិងលើកទឹកចិត្តឲ្យពលរដ្ឋចាប់អារម្មណ៍នឹងវិស័យអចលនទ្រព្យ ឡើងវិញក្រសួងសំណង់វៀតណាមបានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសសិក្សានិងដាក់ចេញនូវកញ្ចប់ឥណទានថ្មីសម្រាប់អ្នកទិញផ្ទះដែលមានចំណូលទាបជាមួយនឹងអត្រាការប្រាក់អនុគ្រោះពី ៣ទៅ ៥% ទាបជាងអត្រាប្រាក់កម្ចីដែលផ្តល់ដោយធនាគារពាណិជ្ជ។
ប្រភពដដែលបានផ្សព្វផ្សាយថា សំណើនេះត្រូវបានកត់សម្គាល់នៅក្នុងរបាយការណ៍របស់ក្រសួងស្តីពីការបន្តជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានសង្គមនៅក្នុងប្រទេសឲ្យបានយ៉ាងហោចណាស់មួយលានយូនីតនៅឆ្នាំ ២០៣០។
ក្រសួងសំណង់វៀតណាមបានរំពឹង ថា ការស្នើកញ្ចប់ឥណទានថ្មីនេះនឹងជួយអ្នកមានចំណូលទាបឲ្យពូកគេមានលទ្ធភាព ទិញផ្ទះឡើងវិញក្រោយពេលដែល ការប្រកាសផ្តល់កញ្ចប់ឥណទានលំនៅដ្ឋានសង្គមទំហំ ១២០ទ្រីលានដុង ឫប្រមាណជា ៤,៧ពាន់លានដុល្លារ គឺនៅទ្រឹង។
តាមស្ថិតិដែលបានឲ្យដឹង កញ្ចប់ទឹកប្រាក់ឥណទានទំហំ៤,៧ពាន់លានដុល្លារដែលបានអនុម័តជូនពលរដ្ឋវៀតណាមប្រមាណជា១ឆ្នាំកន្លងមក គឺអាចដំណើរបានមិនដល់ ១%ផង ពីព្រោះអត្រាការប្រាក់វាទាបជាង ធនាគារពាណិជ្ជត្រឹមតែ១,៥ទៅ២% ដូច្នេះហើយទើបបានជាមានការស្នើសុំបញ្ចុះអត្រាការប្រាក់ឲ្យទាបជាងធនាគារពាណិជ្ជផ្សេងៗទៀតដល់កម្រិតពី៣ទៅ៥% សម្រាប់រយៈពេលពី១០ ទៅ១៥ឆ្នាំ ។
មកដល់ពេលនេះគម្រោងដែលកំពុងអនុវត្តនៅក្នុងកញ្ចប់ទឹកប្រាក់ឥណទាន ៤,៧ ពាន់លានដុល្លារនេះគឺមានចំនួនសរុប៧២ គម្រោងនៅក្នុងទីតាំងចំនួន ៣០ កន្លែងនៅទូទាំងប្រទេសវៀតណាម ខណៈដែលគេដឹងថា នៅប្រទេសដែលមានប្រជាពលរដ្ឋជាង១០០ លាននាក់នេះ មានគម្រោងលំនៅឋានសង្គមជាង៥០០ កំពុងត្រូវបានសាងសង់ ក្នុងនោះ៧៥គម្រោង បានកំពុងបញ្ចប់ការសាងសង់ ដែលអាចនឹងផ្តល់លំនៅស្ថានសរុប ប្រមាណជា ៤ម៉ឺនយូនីត៕