(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប បានលើកឡើងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ដែលទ្រទ្រង់វឌ្ឍនភាពរបស់មនុស្សជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ ធ្វើឲ្យជីវិតមនុស្សកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន, ជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម ធម្មជាតិ និងភពផែនដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាពរបស់មនុស្សជាតិ, ជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ, ធ្វើឲ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន, បានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម, ធម្មជាតិ និងភពផែនដីរបស់យើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ពិភពលោកបានឆ្លងកាត់រលកជាច្រើន នៃការជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរទាំងស្រុងនូវមូលដ្ឋានឧស្សាហកម្ម, ទិដ្ឋភាពសង្គម បូករួមទាំងឥរិយាបថរបស់មនុស្សជាតិ។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា មនុស្សបានកាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ, បង្កើនល្បឿន និងពង្រឹងសកលភាវូបនីយកម្ម ដែលបានជួយធ្វើឲ្យពិភពលោកកាន់តែខិតជិតគ្នា និងបានផ្ដល់នូវកាលានុវត្តភាពជាច្រើន នៅលើទិដ្ឋភាពនៃការចែករំលែកចំណេះដឹង និងការបង្កើតធនធានសេដ្ឋកិច្ច សម្រាប់ពិភពលោកទាំងមូល។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា កត់សម្គាល់ថា អាស៊ានពិតជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីសកលភាវូបនីយកម្ម ដែលគាំទ្រដោយការរីកចម្រើន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយសកលភាវូបនីយកម្មនេះហើយ ដែលបានប្រែក្លាយតំបន់អាស៊ាន ពីតំបន់ដែលមានប្រទេសភាគច្រើន ទើបទទួលបានឯករាជ្យថ្មីៗ ទៅជាមជ្ឈមណ្ឌលនៃកំណើនដ៏សំខាន់មួយនៃពិភពលោក។
ជាមួយគ្នានេះ សម្ដេចធិបតី គូសរំលេចថា នៅពេលដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន មនុស្សមានភាពចាំបាច់ដែលពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់លើបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដែលអាចមានឥទ្ធិពលកែប្រែពិភពលោក។ លើសពីនេះត្រូវតម្រង់ទិសវឌ្ឍនភាព បច្ចេកវិទ្យា ដើម្បីឲ្យបច្ចេកវិទ្យាអាចបម្រើ និងគាំទ្រដល់បរិយាបន្នភាព, ការអភិវឌ្ឍប្រកបដោយ ចីរភាព និងភាពធន់៕