(ភ្នំពេញ)៖ លោក មេត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមាន លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទាផងដែរ។
អនុស្សារណៈនៃការយោគយល់គ្នារវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) នឹងផ្ដល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរួម និងជួយសម្រួល ក៏ដូចជាពង្រឹងកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរក្នុងវិស័យពិការភាព ជាពិសេសការលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយជាតិដែលគាំទ្រដល់បរិយាបន្នពិការភាព ការលើកកម្ពស់សិទ្ធិ និងការចូលរួមប្រកបដោយអត្ថន័យរបស់ជនមានពិការភាពក្នុងប្រទេសកម្ពុជា។
យូអិនឌីភី កំពុងតែអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (Accelerating Disability Rights in Cambodia-ADRC) របស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងពាក់ព័ន្ធ ដោយផ្តោតលើការកែទម្រង់លើលិខិតបទដ្ឋានគតិយុត្ត ការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធពាក់ព័ន្ធ នៃក្រសួងស្ថាប័នពាក់ព័ន្ធ។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) (United Nations Development Programme-UNDP) យូអិនឌីភី បម្រើការជាអង្គភាពប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនៅថ្នាក់ប្រទេស និងធ្វើការជា មួយដៃគូក្នុងប្រទេសជាច្រើនដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការលុបបំបាត់ភាពក្រីក ការលើកកម្ពស់សិទ្ធិស្ត្រី អភិបាលកិច្ចល្អ និងនីតិរដ្ឋ។
គួរបញ្ជាក់ថា យូអិនឌីភី ចាប់ផ្តើមបេសកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ដែលបានប្រតិបត្តិការពីឆ្នាំ១៩៥៨ ដល់១៩៧៥ រួចក៏ចាប់ផ្តើមសកម្មភាពឡើងវិញក្នុងកិច្ចគាំទ្រដែលមានកម្រិតមួយនៅឆ្នាំ១៩៨០ ក្នុងការរួមចំណែកដល់ប្រតិបត្តិការសង្គ្រោះបន្ទាន់ និងបង្កើតការិយាល័យរបស់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៤ ដោយមានហត្ថលេខានៃកិច្ចព្រមព្រៀងជំនួយមូលដ្ឋានស្តង់ដារ (Standard Basic Assistance Agreement) ។
យូអិនឌីភីបានបង្កើតគម្រោងពិការភាពរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដោយបានគាំទ្រនិងសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការតំណាងជនមានពិការភាព និងសង្គមស៊ីវិល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ដើម្បីឆ្លើយតបទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នក្នុងឆ្នាំ២០១២៕