នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានកោះប្រជុំមេៗពន្ធដារបន្ទាន់មកពីគ្រប់នាយកដ្ឋានចំណូលរដ្ឋាករ និងគយ ដើម្បីរិះរកវិធីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធចូលរដ្ឋ បន្ទាប់ពីការប្រមូលចំណូលពន្ធក្នុងរយៈពេល៧ខែក្នុងឆ្នាំសារពើពន្ធ ២០២៤ នេះ បានទាបជាងគោលដៅដែលកំណត់២,៤% ឬបាត់បង់ចំណូលពន្ធជិត១ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះលោក ស៊្រីថា ថាវីស៊ីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីរិះរកមធ្យោបាយកែលម្អ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធសម្រាប់រយៈពេល ដែលនៅសេសសល់ នៃឆ្នាំនេះតាមរយៈយុទ្ធនាការដែលមានស្រាប់ និងយុទ្ធនាការថ្មីៗ។ តែទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ រូបនេះ មិនបានបញ្ជាក់លម្អិតអំពីយុទ្ធនាការទាំងនោះទេ។
នៅពេលសួរថា តើរដ្ឋាភិបាលរបស់លោកនឹងត្រូវខ្ចីប្រាក់បន្ថែម ដើម្បីបំពេញចន្លោះខ្វះខ្វាតដែលបណ្ដាលមកពីការបាត់ចំណូលនេះឬយ៉ាងណា លោក ស្រ៊ីថា ថាវីស៊ីន បានឆ្លើយថា អ្វីៗនៅតែដំណើរការទៅតាមផែនការ ប៉ុន្តែពេលនេះវាចូលដល់ពាក់កណ្តាលឆ្នាំសារពើពន្ធទៅហើយ ដូចនេះរដ្ឋាភិបាលត្រូវធ្វើការវាយតម្លៃថា តើត្រូវកែសម្រួលចំណុចណា និងថា តើត្រូវកាត់បន្ថយ ឬបង្កើនការចំណាយ។
លោក ស៊្រីថា ថាវីស៊ីន បានបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងគ្រប់គ្រងការចំណាយដោយប្រុងប្រយ័ត្ន រួមទាំងការលើកទឹកចិត្តពន្ធសម្រាប់អ្នកវិនិយោគបរទេស ដែលមានសារសំខាន់ខ្លាំងចំពោះគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលថៃ បានរាយការណ៍ថា ពន្ធដែលប្រមូលបានសម្រាប់រយៈពេល៦ខែនៃឆ្នាំសារពើពន្ធ២០២៤ នេះមានចំនួន៤០ពាន់លានដុល្លារអាម៉េរិក ពោលគឺទាបជាងគោលដៅកំណត់២,៤% ឬ បាត់ចំណូលពន្ធជាង៩៧០លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា ចំណូលពន្ធដែលប្រមូលបាននេះគឺខ្ពស់ជាង២,៧% ឬជាង១ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕