Alynana Media Cambodia
Icon Collap
clinic narit

តួកគីនឹងបង្កើនពន្ធ៤០%ទៀត លើការនាំចូលរថយន្តពីចិន ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក

Media LNN | Jun 10, 2024
តួកគីនឹងបង្កើនពន្ធ៤០%ទៀត លើការនាំចូលរថយន្តពីចិន ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក
Clinic narith

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសតួកគី បានអះអាងថា ប្រទេសតួកគីនឹងបង្កើនពន្ធ៤០%ទៀត លើការនាំចូលយានយន្តមកពីប្រទេសចិន ចាប់ពីខែក្រោយនេះតទៅ ដើម្បីទប់ស្កាត់លទ្ធភាពនៃការធ្វើឱ្យបាត់សមតុល្យគណនីចរន្តរបស់ខ្លួន និងការពារក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ប្រទេសចិន កំពុងប្រឈមនឹងសម្ពាធពាណិជ្ជកម្មកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោកជុំវិញការនាំចេញយានយន្តអគ្គិសនីរបស់ខ្លួន ដោយសារប្រទេសជាច្រើនបានអះអាងថា ទីក្រុងប៉េកាំង កំពុងផ្ដល់ឧបត្ថម្ភធនយ៉ាងសម្បើមដល់ឧស្សាហកម្មមួយនេះ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ស្របពេលគណៈកម្មការអឺរ៉ុបត្រូវបានគេរំពឹងថា នឹងប្រកាសនៅសប្តាហ៍នេះអំពីថាតើត្រូវយកពន្ធបន្ថែមបណ្តោះអាសន្នទៀត ឬយ៉ាងណាចំពោះការនាំចូលយានយន្តរបស់ចិន។

ជាក់ស្តែងកាលពីពេលថ្មីៗ ក្រសួងពាណិជ្ជកម្មតួកគី បានអះអាងថា តួកទីនឹងបង្កើនការយកពន្ធ៤០%បន្ថែមទៀតលើការនាំចូលយានយន្តរបស់ប្រទេសចិន។ បើតាមសេចក្ដីប្រការផ្លូវការរបស់រដ្ឋាភិបាលតួកគីថា ការយកពន្ធគយបន្ថែមរបស់តួកគីនេះនឹងត្រូវកំណត់យ៉ាងតិច៧ពាន់ដុល្លារក្នុងរថយន្ត១គ្រឿងដោយចាប់អនុវត្តពីថ្ងៃទី៧ ខែកក្កដា តទៅ ហើយពន្ធបន្ថែមនេះនឹងត្រូវដាក់លើការនាំចូលរថយន្តដឹកអ្នកដំណើរធម្មតានិងរថយន្តកូនកាត់ដើម្បីបង្កើន និងការពារការថយចុះនៃចំណែកផលិតកម្មក្នុងស្រុក។

ក្រសួងនេះបានបន្ថែមថា ការសម្រេចចិត្តយកពន្ធបន្ថែមលើការនាំចូលរថយន្តរបស់ចិននេះ ត្រូវបានធ្វើឡើងដើម្បីគិតគូរពីគោលដៅឱនភាពគណនីចរន្ត និងការខិតខំដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងផលិតកម្មក្នុងស្រុក។

កាលពីឆ្នាំ២០២៣ ប្រទេសតួកគី ក៏បានដាក់ពន្ធបន្ថែមលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិនម្ដងហើយដែរ និងបានបង្កើតបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងការថែទាំ និងសេវាកម្មយានយន្តអគ្គិសនីផងដែរ។ រដ្ឋាភិបាលតួកគីកំពុងលើកទឹកចិត្តដល់ការផលិត និងការនាំចេញបន្ថែមទៀតដើម្បីកាត់បន្ថយឱនភាពគណនីចរន្តរ៉ាំរ៉ៃ ដែលមានទឹកប្រាក់ជាង៤៥ពាន់លានដុល្លារកាលពីឆ្នាំមុន៕