(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានឃាត់រថយន្តដឹកឈើមួយគ្រឿងសុទ្ធតែប្រភេទមុខធំៗ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរថយន្តដឹកឈើនេះបានធ្វើដំណើរចេញពីខេត្តពោធិ៍សាត់។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត។
បើតាមសេចក្តីរាយការណ៍ ក្រោយពីបានពិនិត្យឃើញមានបង្កប់ឈើ ចំនួនន៤សន្លឹករួច កម្លាំងសម្ថតកិច្ច បានដកហូតរថយន្តសណ្ដោងធន់ធំ១គ្រឿង ម៉ាកយីហ្វាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខខាងមុខត្បូងឃ្មុំ 3A-3400 និងខាងក្រោយ ព្រះសីហនុ 4A-2829។
ដឹកឈើប្រភេទស្ពង់ចំនួន៤សន្លឹក រួមមាន៖ 1,95ម៉ែត្រគូប, 3,51ម៉ែត្រគូប, 4,05ម៉ែត្រគូប និង4,32ម៉ែត្រគូប។
មន្ត្រីបានបញ្ជាក់ថា ករណីបង្ក្រាបនេះសរុបមុខឈើទាំងអស់ចំនួន៤សន្លឹកស្មើនឹង១៣,៨៣ម៉ែត្រគូប ហើយត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត៕