បណ្តាធនាគារធំៗនៅប្រទេសសិង្ហបុរីនឹងបើកការស៊ើបអង្កេតលើលំហូរសាច់ប្រាក់ធំៗរបស់វិនិយោគិន ដើម្បីការពារ និងទប់ស្កាត់បទល្មើសលាងលុយកខ្វក់។ ការប្រកាសបើកការស៊ើបអង្កេតនេះ ធ្វើឡើងក្រោយបាយការណ៍ស៊ើបអង្កេតមួយបានរកឃើញថា យ៉ាងហោចណាស់មានធនាគារចំនួន១៦នៅក្នុងប្រទេសនេះ បានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនចិន ដែលបានធ្វើសកម្មភាពលាងលុយដល់ទៅជាង២,២ពាន់លានដុល្លារ ដែលបានបែកធ្លាយតំាងពីខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ក្រោយស្ថាប័នធនាគារធំៗដូចជា Citi group និង DBS Group ព្រមទាំងធនាគារផ្សេងទៀតសរុបចំនួន១៦ស្ថាប័នត្រូវបានរកឃើញជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី បណ្តាស្ថាប័នទាំងនេះ កំពុងបង្កើនការត្រួតពិនិត្យលើសាច់ប្រាក់របស់អតិថិជនដែលមានទ្រព្យសម្បត្តិ និងអតិថិជនសក្តានុពលរបស់ពួកគេ ដើម្បីជៀសវាងការប៉ះពាល់នឹងលំហូរសាច់ប្រាក់ខុសច្បាប់។
ជុំវិញរឿងអាស្រូវលាងលុយដ៏កក្រើកនៅសិង្ហបុរីនេះ ប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានអះអាងថា បុគ្គលិកធនាគារឯកជននៅតាមស្ថាប័នមួយចំនួនក៏កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីជួយពួកគេនៅក្នុងការកំណត់ល្បិច ដែលឧក្រិដ្ឋជនប្រើដើម្បីបិទបាំងប្រវត្តិ និងប្រភពនៃមូលនិធិរបស់ពួកគេផងដែរ។
នៅក្នុងកម្មវិធីបណ្តុះបណ្តាលនោះ អ្នកចូលរួមទទួលបាននូវបទបង្ហាញពីរបៀបដែលអ្នកផ្តល់ប្រាក់កម្ចីព្យាយាមបិទចន្លោះប្រហោង ដែលអាចឱ្យក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន អាចលាងលុយដែលមានទំហំដល់ទៅ២,២ពាន់លានដុល្លារ ជាប្រាក់ដែលទទួលបានពីល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ចំនួន១៦នៅក្នុងប្រទេសកោះមួយនេះ។ រឿងអាស្រូវនេះបានធ្វើឱ្យខូចមុខមាត់ប្រទេសសិង្ហបុរី និងបានបង្ហាញពីភាពទន់ខ្សោយរបស់អាជ្ញាធរ ក៏ដូចជាធនាគារក្នុងស្រុក និងបរទេស ព្រមទាំងឈ្មួញកណ្តាលក្នុងត្រួតពិនិត្យអតិថិជន។
កាលពីពេលថ្មីៗ អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានបញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែងលើធនាគារមួយចំនួន ដែលមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងលាងលុយនេះ ហើយធនាគារណាដែលមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនច្រើនតាមរយៈគណនីប្រាក់បញ្ញើ ប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត អាចប្រឈមមុខនឹងការផាកពិន័យ និងរងនូវវិធានការដាក់ទណ្ឌកម្មផ្សេងទៀតពីនិយ័តករហិរញ្ញវត្ថុ។
អ្នកនាំពាក្យអាជ្ញាធររូបិយវត្ថុសិង្ហបុរី បាននិយាយថា ខ្លួននឹងវាយតម្លៃ ថាតើស្ថាប័នហិរញ្ញវត្ថុនានាបានអនុវត្តការត្រួតពិនិត្យគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មឫអត់។ ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ដែលបានផ្ទុះកន្លងមកនេះជនសង្ស័យ១០រូប បានសារភាពកំហុស ហើយក្រៅពីនោះមនុស្ស១៧នាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយនៅតែបន្តឃុំខ្លួននៅឡើយ៕