Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់អឺរ៉ូ ធ្លាក់ថ្លៃដោយសាររងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារអាស៊ី និងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយ

Media LNN | Jun 12, 2024
ប្រាក់អឺរ៉ូ ធ្លាក់ថ្លៃដោយសាររងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារអាស៊ី និងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយ
Clinic narith

ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរបស់សហភាពអឺរ៉ុប បានធ្លាក់ថ្លៃនៅថ្ងៃចន្ទ ទី១០ ខែមិថុនា នេះ ដោយសារទទួលរងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារអាស៊ី និងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតំបន់អឺរ៉ុប ជាពិសេសការអំពាវនាវឱ្យមានការបោះឆ្នោតភ្លាមៗដោយឥតព្រៀងទុកនៅប្រទេសបារាំង ខណៈដែលបណ្ដាវិនិយោគិនបានទម្លាក់ចោលការរំពឹងទុកខ្ពស់របស់ពួកគេ ចំពោះការបញ្ចុះអត្រាការប្រាក់ពីសំណាក់ធនាគារកណ្ដាលអាម៉េរិក នៅឆ្នាំនេះ ដោយសារទីផ្សារការងារនៅសហរដ្ឋអាម៉េរិកនៅតែចង្អៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃនៅថ្ងៃច័ន្ធ ទី១០ ខែមិថុនា នេះដោយសារទទួលរងសម្ពាធពីការធ្លាក់ថ្លៃភាគហ៊ុននៅទីផ្សារអាស៊ី និងស្ថានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតំបន់អឺរ៉ុប។ ទោះបីសកម្មភាពជួញដូរភាគហ៊ុននៅអាស៊ី ត្រូវបានកាត់បន្ថយដោយសារតែថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងប្រទេសអូស្ត្រាលី ចិនដីគោក ហុងកុង និងតៃវ៉ាន់យ៉ាងណាក្ដី ក៏ MSCI ដែលជាសន្ទស្សន៍ផ្សារហ៊ុនធំបំផុតប្រចាំអាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានធ្លាក់ចុះ០,៤៦%។

ទន្ទឹមនេះ ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃឈានមុខគេ បើទោះបីជាផ្សារហ៊ុនអាម៉េរិក រួមមានផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq បានធ្លាក់ថ្លៃប្រមាណ០,០៣%យ៉ាងណាក្ដី។ ស្ថានការណ៍វិវត្តចុងក្រោយនេះ កើតមានឡើងនៅមុនពេលធនាគារកណ្ដាលអាម៉េរិក ត្រូវចេញសេចក្ដីសម្រេចនៅថ្ងៃពុធ ទី១២ ខែមិថុនា ដ៏ខ្លីខាងមុខនេះ ខណៈដែលទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកសម្រាប់ខែឧសភា កន្លងទៅ នឹងត្រូវចេញផ្សាយមុននេះបន្តិច។

លោក រ៉ប់ ខានែល (Rob Carnell) ប្រធានផ្នែកស្រាវជ្រាវថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃស្ថាប័នវិភាគសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ING Think បានលើកឡើងថា វាពិតជាពិបាកណាស់សម្រាប់ធនាគារកណ្ដាលអាម៉េរិក បន្តព្យាករថាតើខ្លួនត្រូវបញ្ចុះអត្រាការប្រាក់ចំនួន៣លើកក្នុងឆ្នាំនេះ ឬយ៉ាងណា ខណៈមន្ត្រីធនាគារកណ្ដាលអាម៉េរិកមួយចំនួនតូចនិយាយថា អាចនឹងមានការបញ្ចុះអត្រាការប្រាក់១លើក ចំណែកឯមន្ត្រីធនាគារកណ្ដាលអាម៉េរិក ភាគច្រើននិយាយថា អាចនឹងមានការបញ្ចុះអត្រាការប្រាក់ចំនួន២លើក៕