Alynana Media Cambodia
Icon Collap
clinic narit

ក្រោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលក់ភាគហ៊ុនឱ្យធនាគារបរទេស តើអាចជំរុញឱ្យអត្រាការប្រាក់កម្ចីមានការធ្លាក់ចុះដែរឬយ៉ាងណា?

Media LNN | Jun 13, 2024
ក្រោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលក់ភាគហ៊ុនឱ្យធនាគារបរទេស តើអាចជំរុញឱ្យអត្រាការប្រាក់កម្ចីមានការធ្លាក់ចុះដែរឬយ៉ាងណា?
Clinic narith

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះបានរួមបញ្ជូលគ្នាជាមួយធនាគារបរទេស ហើយបានវិវត្តិខ្លួនទៅជាធនាគារពាណិជ្ជ ដើម្បីពង្រីកវិសាលភាពក្នុងការផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែល្អប្រសើរ។

គេដឹងហើយថា អត្រាការប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារមានកម្រិតទាបជាងអត្រាការប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូច្នេះហើយតាមរយៈការវិវត្តខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជនេះ តើវាអាចជាកត្តាមួយជំរុញឱ្យអត្រាការប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុនោះមានការធ្លាក់ចុះជាងមុនដែរឬយ៉ាងណា?

​​លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចលនានៃការចូលរួមរបស់ធនាគារបរទេសក្នុងការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺមានជាបន្តបន្ទាប់អស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយបញ្ហានេះមិនមែនកើតមានតែនៅកម្ពុជានោះទេ។ ជាក់ស្តែង ដូចជាធនាគារ Sinopac របស់តៃវ៉ាន់ បានប្រកាសទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានលក់ភាគហ៊ុន១០០% ឱ្យធនាគារកូរ៉េខាងត្បូង គូកមីន ជាដើម។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកពីធនាគារបរទេសនេះ វាគឺជារឿងល្អមួយសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដ្បិតថា វត្តមានរបស់ធនាគារទាំងនោះ មិនត្រឹមតែជួយពាំនាំទុនវិនិយោគពីបរទេសមកកាន់កម្ពុជានោះទេ ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍន៍វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ ជាពិសេសជួយធ្វើឱ្យការផ្តល់សេវាកម្មក្នុងវិស័យនេះកាន់តែមានគុណភាព និងការប្រកួតប្រជែង។

តែយ៉ាងណាក៏ដោយចុះ លោក កាំង តុងងី នៅមិនទាន់អាចវាយតម្លៃបានទេថា តាមរយៈការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកពីធនាគារបរទេសនេះ អាចធ្វើឱ្យអត្រាការប្រាក់កម្ចីនឹងមានការធ្លាក់ចុះជាងមុនឬយ៉ាងណានោះទេ ប៉ុន្តែលោកបានបង្ហាញគំនិតសុទិដ្ឋិនិយមថា អត្រាការប្រាក់កម្ចីនៅក្នុងគ្រឹះស្ថាននោះនឹងមិនមានការកើនឡើងបន្ថែមទៀតនោះទេ ពោលគឺអាចនឹងធ្លាក់ចុះ ឬរក្សានៅកម្រិតដដែល។

​បើតាមអ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យធនាគារបរទេសមួយចំនួនសម្រេចទិញភាគហ៊ុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គឺដោយសារពួកគេមើលឃើញពីសក្តានុពលវិនិយោគក្នុងវិស័យនេះនៅកម្ពុជា ក្រោយអត្រាការប្រាក់នៅបរទេសមានការកើនឡើង។ ហើយបើមើលលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសម្រេចលក់ភាគហ៊ុនទៅឱ្យធនាគារបរទេសវិញ គឺភាគច្រើនមានម្ចាស់ភាគហ៊ុនជាជនជាតិបរទេស និងមួយចំនួនទៀតចង់អភិវឌ្ឍន៍ផលិតផលខ្លួនឱ្យកាន់មានភាពល្អប្រសើ ក្រោយការផ្តល់សេវាកម្មរបស់ពួកគេមិនអាចប្រកួតប្រជែងជាមួយគ្រឹះស្ថានធនាគារបាន។

គួរជម្រាបថា គិតមកទល់ពេលនេះ គណនីប្រាក់កម្ចីរបស់អតិថិជននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាមានចំនួនប្រមាណជិត៥លានគណនី ដោយក្នុងនោះ១,៥លានគណនីជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខណៈទំហំនៃកម្ចីរបស់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងអស់មានទំហំជាង៥៧ពាន់លានដុល្លារ ប៉ុន្តែក្នុងនោះរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតែជាង១០%ប៉ុណ្ណោះ៕