Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញព្រមានថា ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនឹងមានការផ្លាស់ប្ដូរយ៉ាងសម្បើម ខណៈប្រាក់ដុល្លារអាម៉េរិកកំពុងបាត់បង់អានុភាពជាប

Media LNN | Jun 13, 2024
អ្នកជំនាញព្រមានថា ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនឹងមានការផ្លាស់ប្ដូរយ៉ាងសម្បើម ខណៈប្រាក់ដុល្លារអាម៉េរិកកំពុងបាត់បង់អានុភាពជាប
Clinic narith

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញ វត្ថុអន្តរជាតិដ៏លេចធ្លោមួយរូបបានព្រមានកាលពីពេលថ្មីៗនេះថា ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនឹងមានការផ្លាស់ប្ដូរយ៉ាងសម្បើម ខណៈប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងដ៏ធំបំផុតរបស់ពិភពលោកកំពុងបាត់បង់អានុភាព និងឥទ្ធិពលជាបណ្ដើរៗហើយ ស្របពេលរុស្ស៊ី និងប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីតងាកមកប្រើប្រាក់យន់ របស់ចិន សម្រាប់ការទូទាត់ពាណិជ្ជកម្មប្រេង ហើយបណ្ដាវិនិយោគិនចាំបាច់ត្រូវត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អតាមការយៈការចាប់ផ្តើមពិនិត្យមើលឡើងវិញ នូវយុទ្ធសាស្រ្តវិនិយោគរយៈពេលវែងរបស់ខ្លួន។

លោក នីហ្គែល ហ្គ្រីន (Nigel Green) នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនឌីវែរ គ្រុប (deVere Group) ដែលជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ និងគ្រប់គ្រងទ្រព្យសកម្មធំបំផុតមួយរបស់ពិភពលោកបានព្រមានថា ការផ្លាស់ប្តូរឥរិយាបថនៃការជួញដូរប្រេងពិភពលោកដែលកំពុងកើតមាននាពេលបច្ចុប្បន្ន នឹងជះផលប៉ះពាល់យ៉ាងធំធេងមកលើសេដ្ឋកិច្ច និងបណ្ដាវិនិយោគិនជុំវិញពិភពលោក។

អ្នកជំនាញរូបនេះបានលើកឡើងថា លទ្ធផលដ៏សំខាន់បំផុតមួយនៃកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃកាលពីខែមេសា រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺថា រុស្ស៊ីពេលនេះពេញចិត្តនឹងការប្រើប្រាស់ប្រាក់យន់របស់ចិន សម្រាប់ការទូទាត់ថ្លៃប្រេង។

លោកបានលើកឡើងទៀតថា នេះសរបង្ហាញឱ្យឃើញថា ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងរុស្ស៊ី ដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុតរបស់ពិភពលោកកំពុងពន្លឿនយុទ្ធនាការកាត់បន្ថយអានុភាព និងឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក ដែលជាឆ្អឹងខ្នងនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

លោកបានបន្ថែមទៀតថា ដោយឡែកពីនេះ តាមរយៈកិច្ចព្រមព្រៀងចំនួនពីរ ក្រុមហ៊ុនយក្ស Aramco របស់អារ៉ាប៊ីសាអូឌីត នឹងផ្គត់ផ្គង់ប្រេងឆៅដល់ក្រុមហ៊ុនចិន ក្នុងទំហំជិត៧សែនបារ៉ែលក្នុង១ថ្ងៃ ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតសម្រាប់ប្រទេសចិន ហើយថា អារ៉ាប៊ីសាអូឌីត ក៏កំពុងពិភាក្សាជាមួយក្រុងប៉េកាំង ដើម្បីទូទាត់ពាណិជ្ជកម្មដោយប្រើប្រាក់យន់ របស់ចិន ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិកផងដែរ។

សូមបញ្ជាក់ថា Aramco គឺជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយត្រូវបានកាន់កាប់ផ្ដាច់មុខ និងគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ទាំងអស់នេះសរបង្ហាញឱ្យឃើញថា បណ្ដាគូប្រជែងរបស់សហរដ្ឋអាម៉េរិក ដែលដឹកនាំដោយមហាយក្សចិន កំពុងបង្កើតប្លុកសេដ្ឋកិច្ចដ៏ធំថ្មីមួយ ហើយប្រសិនបើអារ៉ាប៊ីសាអូឌីត ពិតជាងាកទៅប្រើប្រាក់យន់ ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិកមែននោះ វានឹងនាំឱ្យមានការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក៕