Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារពិភពលោកថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចអាម៉េរិក នឹងជួយជំរុញសេដ្ឋកិច្ចពិភពលោកឱ្យសម្រេចបានកំណើន២,៦% នៅឆ្នាំ២០២៤ នេះ

Media LNN | Jun 14, 2024
ធនាគារពិភពលោកថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចអាម៉េរិក នឹងជួយជំរុញសេដ្ឋកិច្ចពិភពលោកឱ្យសម្រេចបានកំណើន២,៦% នៅឆ្នាំ២០២៤ នេះ
Clinic narith

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៦% នៅឆ្នាំ២០២៤ នេះដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។

ការព្យាករលើកចុងក្រោយរបស់ធនាគារពិភពលោកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរង្វង់២,៦%នេះ គឺកើនឡើងពីកំណើន២,៤% ដែលខ្លួនបានព្យាករកាលពីខែមករា ដើមឆ្នាំនេះ តែវាដូចនឹងកំណើនដែលសេដ្ឋកិច្ចពិភពលោកសម្រេចបានក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណា ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានសន្ទុះយឺតយ៉ាវបើធៀបនឹងពេលកន្លងមក ដោយបណ្ដាប្រទេសក្រីក្របំផុតកំពុងវ័ណ្ដកនឹងបន្ទុកបំណុលដ៏ធ្ងន់ និងអត្រាការប្រាក់ខ្ពស់។

ធនាគារនេះបានព្រមានទៀតថា ការកើនឡើងនូវរបាំងពាណិជ្ជកម្មក៏បង្កគ្រោះថ្នាក់ដល់វិបុលភាព ឬភាពសម្បូរសប្បាយរបស់ពិភពលោកផងដែរ ខណៈដែលសង្គ្រាមដ៏ឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់ហ្គាហ្សា ដែលជាទឹកដីរបស់ប៉ាឡេស្ទីន កំពុងដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចក្នុងតំបន់។

កំណើនសេដ្ឋកិច្ចរឹងមាំជាងការរំពឹងទុកនៅសហរដ្ឋអាម៉េរិក ដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានធ្វើឱ្យធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចអាម៉េរិកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៥% នៅឆ្នាំ២០២៤ នេះ ដូចគ្នាទៅនឹងឆ្នាំ២០២៣ ប៉ុន្តែបានកើនឡើងយ៉ាងខ្លាំងពី១,៦% ដែលធនាគារពិភពលោកបានព្យាករកាលពីខែមករា។

លោក អាយហែន ខូសេ (Ayhan Kose) អនុប្រធានសេដ្ឋវិទូនៃធនាគារពិភពលោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP នៅមុនការចេញផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារនេះថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ពិតជារឹងមាំល្អ៕