Alynana Media Cambodia
Icon Collap
clinic narit

អាម៉េរិកពង្រីកទណ្ឌកម្មលើរុស្ស៊ី ដោយផ្ដោតលើបន្ទះឈីបដែលបញ្ជូនទៅរុស្ស៊ីតាមរយៈចិន

Media LNN | Jun 15, 2024
អាម៉េរិកពង្រីកទណ្ឌកម្មលើរុស្ស៊ី ដោយផ្ដោតលើបន្ទះឈីបដែលបញ្ជូនទៅរុស្ស៊ីតាមរយៈចិន
Clinic narith

សហរដ្ឋអាម៉េរិក បានពង្រីកទណ្ឌកម្មយ៉ាងទូលំទូលាយទៅលើប្រទេសរុស្ស៊ី រួមទាំងការកំណត់គោលដៅទៅលើក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ដែលបានលក់បន្ទះឈីបទៅឱ្យទីក្រុងមូស្គូ ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់ខ្លួន ដើម្បីកាត់បន្ថយក្បាលម៉ាស៊ីនយោធារបស់រុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមនៅទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ក្រសួងរតនាគារអាម៉េរិក បាននិយាយថា អាម៉េរិកកំពុងបង្កើនហានិភ័យនៃទណ្ឌកម្មបន្ទាប់បន្សំទៅលើស្ថាប័នហិរញ្ញវត្ថុបរទេសណា ដែលជួយដោះស្រាយសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ដោយបានគំរាមស្ថាប័នទាំងនោះមិនឱ្យចូលទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក។ ក្រសួងនេះ ក៏កំពុងចាត់វិធានការដាក់កម្រិតលើសមត្ថភាពមូលដ្ឋានឧស្សាហកម្មយោធារុស្ស៊ី ក្នុងការទាញយកកម្មវិធី សូហ្វវែរ (Software) និងសេវាកម្មព័ត៌មានវិទ្យាមួយចំនួនរបស់សហរដ្ឋអាម៉េរិក ហើយកំពុងផ្តោតលើបុគ្គល និងអង្គភាពជាង៣០០នៅប្រទេសរុស្ស៊ី និងប្រទេសផ្សេងទៀតរួមទាំងនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិកផងដែរ។

ដោយឡែក ក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងកំណត់គោលដៅលើក្រុមហ៊ុនមួយចំនួននៅក្នុងទីក្រុងហុងកុង ចំពោះការលក់បន្ទះឈីបទៅឱ្យប្រទេសរុស្ស៊ី ហើយបានចាត់វិធានការមួយចំនួនលើទំនិញអាទិភាពខ្ពស់ជិត១០០លានដុល្លាររបស់ទីក្រុងម៉ូស្គូ រួមទាំងបន្ទះឈីបផងដែរ។

មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់១រូប បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងនេះនឹងពង្រីកបញ្ជីមុខទំនិញដែលរុស្ស៊ី មិនអាចនាំចូលពីប្រទេសដទៃ ដើម្បីគ្របដណ្តប់មិនត្រឹមតែលើផលិតផលដើមរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្ដប់លើទំនិញដែលមានម៉ាកយីហោសហរដ្ឋអាម៉េរិកផងដែរ ពោលគឺរាល់ទំនិញណាដែលផលិតដោយកម្មសិទ្ធិបញ្ញា ឬបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកតែម្ដង។

ទន្ទឹមនឹងនេះរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា បន្ទះឈីប និងបច្ចេកវិទ្យាដទៃទៀតដែលផលិតនៅអាម៉េរិកត្រូវបានរកឃើញនៅក្នុងឧបករណ៍របស់រុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ មានចាប់ពីយន្តហោះដ្រូនរហូតដល់វិទ្យុទាក់ទងគ្នា កាំជ្រួចមីស៊ីល និងរថពាសដែកដែលគេបានរកឃើញនៅក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែន៕