Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិស័យឧស្សាហកម្មនៅវៀតណាម កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ដោយសារពលរដ្ឋមិនសូវចាប់អារម្មណ៍

Media LNN | Jun 15, 2024
វិស័យឧស្សាហកម្មនៅវៀតណាម កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ដោយសារពលរដ្ឋមិនសូវចាប់អារម្មណ៍
Clinic narith

រោងចក្រជាច្រើននៅភាគខាងត្បូង ប្រទេសវៀតណាម កំពុងជួបបញ្ហាក្នុងការជួលកម្មករ ដោយសារតែពលរដ្ឋមួយចំនួនចូលចិត្តតែការងារណា ដែលទាមទារការប្តេជ្ញាចិត្តទាប តែពួកគេអាចទទួលបានផលប្រយោជន៍ច្រើន។ ស្ថាប័នជំនាញប្រកាសថា ការងារមានច្រើន តែពលរដ្ឋដែលបានទៅចុះឈ្មោះធ្វើការមានចំនួនតិច។

សារព័ត៌មាន VN Express បានរាយការណ៍ថា វិស័យឧស្សហកម្មនៅភាគខាងត្បូងនៃប្រទេសវៀតណាម កំពុងប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្មសម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្ម ដែលកំពុងត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ជាក់ស្តែងក្រុមហ៊ុន Vietnam Samho ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងដល់ក្រុមហ៊ុន Nike ត្រូវការកម្មករចំនួន១ពាន់៥រយនាក់ ក្នុងរយៈពេលពីរខែចុងក្រោយនេះសម្រាប់រោងចក្ររបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនបានទទួលកម្មករ ត្រឹមតែ៣00នាក់ប៉ុណ្ណោះ។

លោក ឃ្វៀន ថាញ់ អាន (Nguyen Thanh An) ប្រធានសហជីពកម្មកររបស់ក្រុមហ៊ុនបាននិយាយថា ការស្វែងរកកម្មករឥឡូវនេះពិបាកណាស់ ដោយលោកនិងក្រុមការងារបានធ្វើដំណើរជុំវិញភាគខាងត្បូងប្រទេសវៀតណាម ដើម្បីស្វែងរកកម្មករដែលមានប្រាក់ខែពីចន្លោះ ២៧៥ ទៅ៣១៤ដុល្លារក្នុងមួយខែ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍។

ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលសេវាកម្មការងារ នៅទីក្រុងហូជីមិញ បាននិយាយកាលពីខែឧសភា ថា អាជ្ញាធរបានជូនដំណឹងពីឱកាសការងារចំនួន៤ម៉ឺន៩ពាន់កន្លែង ប៉ុន្តែមានមនុស្សត្រឹមតែ៨ពាន់៥រយនាក់ប៉ុណ្ណោះ។

លោកស្រី ឃ្វៀន វាន់ ហាញ់ ធុក ( Nguyen Van Hanh Thuc) នាយកមជ្ឈមណ្ឌលនេះបានមានប្រសាសន៍ថា រោងចក្រនានានៅក្នុងទីក្រុងហូជីមិញ កំពុងតែត្រូវការកម្មករច្រើន ប៉ុន្តែបែរជាមិនសូវមានអ្នកមានឆន្ទះរកការងារធ្វើ។ ក្រុមហ៊ុនមួយចំនួនត្រូវការកម្មកររាប់ពាន់នាក់ ហើយបានបង្កើនអាយុជ្រើសរើសអតិបរមាររហូតដល់៤៥ឆ្នាំ ប៉ុន្តែនៅតែមានអ្នកមកដាក់ពាក្យតិច។

បញ្ហានេះមិនមែនកើតមានឡើងនៅតែទីក្រុងហូជីមិញមួយទេ សូម្បីតែនៅខេត្ត ដុង ណៃ និង ខេត្តបិញ ឌួង ក៏កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាក្នុងការជ្រើសរើសកម្មករ ជាពិសេសវិស័យកាត់ដេរ ស្បែកជើង និងការកែច្នៃឈើ៕