Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វាំងននខ្មៅ៥ យ៉ាងនៅពីក្រោយការបង់រំលស់ អ្នកគួរដឹងមុននឹងនិយាយឃ្លានេះចេញ“បង់លេងៗ សល់ទ្រព្យ”

Admin Alynana | Jun 20, 2024
វាំងននខ្មៅ៥ យ៉ាងនៅពីក្រោយការបង់រំលស់ អ្នកគួរដឹងមុននឹងនិយាយឃ្លានេះចេញ“បង់លេងៗ សល់ទ្រព្យ”
Clinic narith

បច្ចុប្បន្ននិន្នាការនៃការបង់រំលស់គឺពេញនិយមពោលគឺរបស់ជាច្រើនយើងអាចទិញតាមរយៈការបង់រំលស់ដោយរាប់ចាប់ពីគ្រឿងអេឡិចត្រូនិចដល់អចលនទ្រព្យ។ មានមនុស្សជាច្រើនមិនទាន់យល់ច្បាស់ថាអ្វីទៅជាទ្រព្យហើយអ្វីទៅជាបំណុលហើយតែងតែនិយាយថាបង់លេងៗ អនាគតសល់ទ្រព្យ។

ជុំវិញឃ្លាលើកឡើងថា”បង់លេងៗសល់ទ្រព្យ” ខាងក្រោមនេះគឺជាវាំងននខ្មៅទាំង៥នៃការបង់រំលស់ដែលអ្នកគួរដឹងមុននឹងធ្វើការបង់រំលស់លើរបស់អ្វីមួយ។ 

១. សម្ពាធលុយកាក់

មនុស្សមួយចំនួនមិនបានគិតពីលទ្ធភាពរបស់ខ្លួនថាតើអាចមានលទ្ធភាពបង់រំលស់ប៉ុន្មានោះទេក្នុងមួយខែសំខាន់ឲ្យតែបានបង់រំលស់គឺពួកគាត់សប្បាយចិត្តព្រោះបានរបស់មកប្រើដោយមិនបាច់រងចាំយូរឡើយ។ យ៉ាងណាមិញបើអ្នកបង់ប្រចាំខែច្រើនពេកលើសពីលទ្ធភាព អ្នកច្បាស់ជារស់នៅរងសម្ពាធនៃលុយកាក់ ដោយសារតែមួយខែៗលុយដែលរកបានសម្រាប់បង់រំលស់ហើយខ្វះខាតលុយសម្រាប់ចំណាយចាំបាច់ក្នុងគ្រួសារពោលគឺយើងអាចនិយាយម្យ៉ាងទៀតថាស៊ីអត់ស៊ីឃ្លានព្រោះតែបង់រំលស់លើសពីលទ្ធភាព។ 

២. ការប្រាក់ហួសប្រមាណ 

 ប្រជាជនមួយចំនួនប្រហែលជាមិនបានគិតឬគណនាពីការប្រាក់ដែលត្រូវចំណាយនោះទេពេលគឺឲ្យតែឃើញរបស់នោះធូថ្លៃគឺពួកគាត់សប្បាយចិត្តក្នុងការបង់រំលស់ហើយ។ ឧទាហរណ៍ផ្ទះតម្លៃ៣ម៉ឺនដុល្លារ ពួកគាត់គិតថាធូថ្លៃដោយមិនបានគណនាពីការប្រាក់ដែលត្រូវបង់រាប់ឆ្នាំ។ ពេលខ្លះរបស់ខ្លះគឺការប្រាក់ថ្លៃជាងតម្លៃដើមនៃរបស់ដែលអ្នកទិញទៅទៀត។ ជាក់ស្ដែងផ្ទះតម្លៃ៣ម៉ឺនដុល្លារបូកជាមួយការប្រាក់ដែលអ្នកត្រូវបង់នោះអ្នកត្រូវចំណាយជាង៦ម៉ឺនដុល្លារក្នុងការទិញផ្ទះដោយសារតែការប្រាក់ថ្លៃ។

៣. បាត់ឱកាសកសាងទ្រព្យ

 មនុស្សមួយចំនួនប្រហែលជាមិនសូវបានគិតពីឱកាសក្នុងការកសាងប្រភពចំណូលនិងកសាងទ្រព្យសម្បត្តិសម្រាប់អនាគតខ្លួនឯងនិងកូនចៅនោះទេពោលគឺឲ្យតែមានចំណូលទៀតទាត់គិតថាមានលទ្ធភាពគឺពួកគាត់បង់រំលស់តែម្ដង។

យ៉ាងណាមិញការបង់រំលស់របស់ថ្លៃពេកគឺធ្វើឲ្យអ្នកខ្វះខាតលុយសម្រាប់ការអភិវឌ្ឍនសមត្ថភាពខ្លួនឯង ខ្វះលុយសម្រាប់សន្សំដើម្បីគោលដៅ និងខ្វះខាតលុយសម្រាប់ទុកជាដើមទុនរកស៊ីនិងវិនិយោគដើម្បីកសាងទ្រព្យក្នុងជីវិត។ ត្រូវចាំថាទោះជាអ្នករកចំណូលបានច្រើនក៏ដោយបើអ្នកមិនគិតពីការសាងទ្រព្យចំណូលនិងទ្រព្យសម្រាប់ចិញ្ចឹមយើងទេនោះ ពេលចំណូលធ្លាក់ចុះឬវិបត្តិសេដ្ឋកិច្ចមកដល់អ្នកច្បាស់ជាជួបបញ្ហាលុយកាក់មិនខានដោយសារតែជីវិតអ្នករស់នៅជាមួយការបង់រំលស់។ 

៤. បង់រំលស់បំណុល

បង់លេងៗ សល់ទ្រព្យតែមិនប្រាកដថាអ្វីដែលបង់រំលស់ដាច់នោះជាទ្រព្យទេ។ ឧទាហរណ៍បើអ្នកបង់រំលស់ឡាន វាមិនមានជាទ្រព្យទេដោយសារតែត្រូវចំណាយលុយចាក់សាំង ជួសជុល និងធានារ៉ាប់រង ហើយតម្លៃឡានកាន់តែធ្លាក់ថ្លៃថែមទៀត។ ទ្រព្យគឺសំដៅដល់របស់អ្នកឡាយណាដែលអាចបង្កើតប្រាក់ចំណូលដល់អ្នក។ បើអ្នកបង់រំលស់ឡានគ្រាន់ជិះដើម្បីឲ្យគេមើលមកថាយើងមានឡាននោះ អ្នកមិនមែនមានទ្រព្យទេតែអ្នកមានបំណុលទៅវិញទេ។
៥. ស្ពាយបំណុលរាប់ឆ្នាំ

ពេលខ្លះអ្នកនឹងមានអារម្មណ៍ថានឿយហត់ណាស់ដែលត្រូវបង់សងបំណុលរាប់ឆ្នាំ។ ជាក់ស្ដែងការបង់រំលស់ផ្ទះជាទូទៅពី១០ទៅ២០ឆ្នាំ មានន័យអ្នកត្រូវរស់នៅជាមួយបំណុលខ្ទង់១០ទៅ២០ឆ្នាំដែលធ្វើឲ្យអ្នកមានអារម្មណ៍ថារស់នៅជាប់ជើងជាមួយបំណុលកាន់ឆ្នាំហើយបាត់បង់សេរីភាពក្នុងការចាយលុយនិងធ្វើរឿងសំខាន់ៗផ្សេងៗក្នុងជីវិត ដោយសារតែរវល់ជាប់ខ្លួនជាមួយនឹងបំណុលនេះ៕