Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឡាវ កំពុងជួបវិបត្តិកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ខណៈពលករឡាវជិតកន្លះលាននាក់សម្រុកទៅធ្វើការនៅក្រៅប្រទេស

Media LNN | Jun 21, 2024
ឡាវ កំពុងជួបវិបត្តិកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ខណៈពលករឡាវជិតកន្លះលាននាក់សម្រុកទៅធ្វើការនៅក្រៅប្រទេស
Clinic narith

ប្រទេសឡាវ ដែលមានប្រជាជនសរុបប្រមាណជិត៨លាននាក់ កំពុងតែជួបវិបត្តិកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ខណៈដែលពលករឡាវ រហូតដល់ទៅជាង៤១៥.០០០នាក់ កំពុងបម្រើការងារនៅបរទេសនាពេលបច្ចុប្បន្ន។ នេះបើតាមអ្វីដែលលោកស្រី បាយខាំ ខាត់ទីយ៉ា (Baykham Khattiya) រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានលើកឡើងក្នុងសម័យប្រជុំសាមញ្ញលើកទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១៣ ខែមិថុនា។

លោកស្រី បាយខាំ ខាត់ទីយ៉ា (Baykham Khattiya) រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានរាយការណ៍ជូនរដ្ឋសភាថា បច្ចុប្បន្នពលករឡាវ សរុបជាង២០៣.០០០នាក់កំពុងធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស ខណៈដែលពលករឡាវ ជិត២១៣.០០០នាក់ កំពុងធ្វើការស្របច្បាប់នៅក្រៅប្រទេស។

លោកស្រីគូសបញ្ជាក់ ពលករឡាវ ដែលធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បានផ្ញើប្រាក់ត្រលប់មកស្រុកវិញសរុបប្រមាណជាង៥២លានដុល្លារអាម៉េរិក ក្នុងមួយខែៗ ឬ សរុបជាង៦២៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។

លោកស្រីបានកត់សម្គាល់ថា ការកើនឡើងចំនួនពលករឡាវ នៅបរទេសបានធ្វើឱ្យកង្វះកម្លាំងពលកម្មក្នុងស្រុកកាន់តែធ្ងន់ធ្ងរ។ លោកស្រីបានចង្អុលបង្ហាញថា ប្រាក់ឈ្នួលទាប និងអតិផរណាខ្ពស់ជាកត្តាចម្បងធ្វើឱ្យពលរដ្ឋឡាវ សម្រុកទៅធ្វើការនៅក្រៅប្រទេស។

លោកស្រីថ្លែងថា ប្រាក់ខែទាបបំផុតគួរតែយ៉ាងហោចណាស់១៧៤ដុល្លារអាម៉េរិក ខណៈដែលប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននៅប្រទេសឡាវ ត្រូវបានកំណត់ត្រឹម៧៣ដុល្លារអាម៉េរិក ក្នុងខែតុលា ឆ្នាំ២០២៣ ដោយកើនឡើងពី៥៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២។

ទន្ទឹមនេះ ដើម្បីគ្រប់គ្រងពលករឡាវ នៅបរទេសឱ្យបានត្រឹមត្រូវ ក្រសួងការងារ និងរដ្ឋាភិបាលឡាវ កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យពលករឡាវ ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ៕