Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន កំពុងជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតមិនធ្លាប់មាន

Media LNN | Jun 21, 2024
ចិន កំពុងជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតមិនធ្លាប់មាន
Clinic narith

របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសចិន បានជួបវិបត្តិសេដ្ឋីក្នុងស្រុកសម្រុកធ្វើអន្តោប្រវេសន៍ច្រើនបំផុតទូទាំងពិភពលោកកាលពីឆ្នាំមុន ហើយសេដ្ឋីរយលានដុល្លារដែលនឹងរត់ចេញពីប្រទេសចិន ត្រូវបានព្យាករថា នឹងមានចំនួនរហូតដល់ទៅជាង១ម៉ឺន៥ពាន់នាក់ នៅក្នុងឆ្នាំ២០២៤ នេះ ដែលនឹងជះប៉ះពាល់មកលើសេដ្ឋកិច្ចចិនកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអង់គ្លេស ហេនលី អ៊ែន ផាតន័រ (Henley & Partners) ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាអន្តោប្រវេសន៍តាមរយៈការវិនិយោគបានបង្ហាញថា ភាពមិនប្រាកដប្រជាជុំវិញស្ថានភាពសេដ្ឋកិច្ចរបស់មហាយក្សចិន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ គឺជាការព្រួយបារម្ភដ៏ធំបំផុតរបស់សេដ្ឋីចិន ដែលបង្ខំឱ្យពួកគេជ្រើសរើសចាកចេញពីប្រទេសកំណើត ហើយសហរដ្ឋអាម៉េរិក គឺជាគោលដៅអន្តោប្រវេសន៍កំពូលរបស់ពលរដ្ឋចិន។

កាលពីឆ្នាំ២០២៣ សេដ្ឋីចិន រហូតដល់ទៅ១៣,៨០០នាក់ បានចាកចេញពីប្រទេសចិន ដោយភាគច្រើនធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាម៉េរិក កាណាដា និងសិង្ហបុរី។

លោក អ៊ែនឌ្រូ អាម៉យស៍ (Andrew Amoils) ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនស៊ើបអង្កេតទ្រព្យសម្បត្តិ New World Wealth ដែលបានសហការជាមួយក្រុមហ៊ុន Henley & Partners នៅក្នុងការចេញរបាយការណ៍ខាងលើនេះបាននិយាយថា ភាគច្រើននៃសេដ្ឋីចិន ទាំងនោះមានទ្រព្យសម្បត្តិចន្លោះពី៣០លានដុល្លារ ទៅ១ពាន់លានដុល្លារ។

ជាការពិតណាស់ការសម្រុកធ្វើអន្តោប្រវេសន៍របស់សេដ្ឋីចិនយ៉ាងច្រើនបែបនេះអាចបន្ថែមសម្ពាធកាន់តែខ្លាំងមកលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ ខណៈដែលវិបត្តិអចលនទ្រព្យដ៏អូសបន្លាយបានធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិនធំៗជួបវិបត្តិបំណុលធ្ងន់ធ្ងរ និងដាក់សម្ពាធលើបណ្ដារដ្ឋបាលមូលដ្ឋានដែលកំពុងជាប់ផុងក្នុងបំណុលរួចទៅហើយ ហើយជារួមបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចចិន ទាំងមូលយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីដើមឆ្នាំនេះបាននិយាយថា ប្រទេសចិន ប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ដោយសារតែភាពចលាចលនៅក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន៕