តម្លៃម្រេចធម្មតានៅកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្តាប់នៅឆ្នាំនេះ ដោយបច្ចុប្បន្នអាចលក់បានចន្លោះពី២៧,០០០រៀល ទៅ២៩,០០០រៀលក្នុង១គីឡូក្រាម ខណៈកាលពី២សប្តាហ៍មុនអាចលក់បានតែជាង២ម៉ឺន៤ពាន់រៀលតែប៉ុណ្ណោះ។ ប៉ុន្តែតម្លៃនេះបានធ្លាក់ចុះបន្តិចបើធៀបនឹងតម្លៃកាលពីប៉ុន្មានថ្ងៃមុន ដែលបានហក់ឡើងដល់ជាង៣ម៉ឺនរៀលក្នុង១គីឡូក្រាម។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា ទោះបីតម្លៃម្រេចបានកើនឡើងខ្ពស់ក៏ពិតមែន តែប្រាក់ចំណូលរបស់កសិករមិនមានការកើនឡើងនោះទេ ដោយសារបាតុភូតអែលនីណូ បានធ្វើឱ្យទិន្នផលម្រេចធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ប្រាប់ថា បច្ចុប្បន្នតម្លៃម្រេចធម្មតាអាចលក់បានចន្លោះពី២ម៉ឺន៧ពាន់រៀល ទៅ២ម៉ឺន៩ពាន់រៀល ក្នុង១គីឡូក្រាម មានការកើនឡើងចន្លោះពី៣ពាន់ទៅ៥ពាន់រៀល ក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃលក់ចេញកាលពី២សប្តាហ៍មុន ដែលមានប្រមាណ២ម៉ឺន៤ពាន់រៀល ក្នុង១គីឡូក្រាម។ ប៉ុន្តែតម្លៃនេះមានការធ្លាក់ចុះបន្តិចបើធៀបនឹងតម្លៃលក់ចេញកាលពីប៉ុន្មានថ្ងៃមុន ដែលបានហក់ឡើងដល់ជាង៣ម៉ឺនរៀលក្នុង១គីឡូក្រាម។ នេះបើតាមការអះអាងរបស់លោក ម៉ាក់ នី ដែលបានបន្ថែមថា ការធ្លាក់ចុះនេះ គឺបន្ទាប់ពីឈ្មួញមួយចំនួនបានផ្អាកទិញម្រេចចូលសិន ដោយសារពួកគេយល់ថា តម្លៃនេះហាក់រាងខ្ពស់បន្តិច។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា រូបនេះ បានអះអាងថា នៅក្នុងឆ្នាំ២០២៤នេះ ការប្រមូលទិន្នផលម្រេចអាចសម្រេចបានក្នុងរង្វង់១ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនការប្រមូលផលសម្រេចបានក្នុងរង្វង់២ម៉ឺនតោន ហើយមកទល់ពេលនេះ កសិករពុំទាន់បញ្ចេញម្រេចលក់អស់នៅឡើយទេ។ ការធ្លាក់ចុះទិន្នផលនេះ ក៏ដោយសារតែកម្ពុជាទទួលរងនូវឥទ្ធិពលអែលនីណូ ដែលបង្កឱ្យអាកាសធាតុឡើងកម្តៅខ្លាំង ហើយបានទាញទម្លាក់ទិន្នផលម្រេចនៅឆ្នាំនេះឱ្យធ្លាក់ចុះចន្លោះពី៥០ទៅ៦០%។
បើតាមការគូសបញ្ជាក់ពីលោក ម៉ាក់ នី ទីផ្សារម្រេចកម្ពុជាបច្ចុប្បន្នត្រូវបាននាំចេញទៅប្រទេសវៀតណាម ហើយលោកសង្ឃឹមថា ទីផ្សារចិននឹងអាចជំនួសទីផ្សារវៀតណាមនៅពេលណាមួយនាពេលខាងមុខ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនកំពុងសម្របសម្រួលនាំម្រេចរបស់កម្ពុជាចូលទៅកាន់ទីផ្សារចិន ហើយក៏មានក្រុមហ៊ុនចិនមករកទិញម្រេចពីកម្ពុជាផងដែរ៕