(បាងកក)៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira នឹងពិភាក្សាអំពីទិសដៅអតិផរណាជាមួយទេសាភិបាលធនាគារកណ្តាល។ លោកបានបន្ថែមថា វិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀតនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលថៃមានភាពមិនចុះសម្រុងគ្នាជាមួយធនាគារកណ្តាលថៃអស់រយៈពេលជាច្រើនខែមកហើយជុំវិញអត្រាការប្រាក់គោល ដោយនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ធនាគារកណ្តាលថៃបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលក្នុងអត្រា ២,៥ភាគរយនៅក្នុងកិច្ចប្រជុំពិនិត្យអត្រាការប្រាក់កាលពីដើមខែនេះ។ កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី២១ ខែសីហា។
កាលពីខែឧសភានៅពេលដែលលោក Pichai ចូលកាន់តំណែង លោកបាននិយាយថា លោកនឹងពិនិត្យមើលឡើងវិញនូវទិសដៅអតិផរណាពី ១ ភាគរយទៅ ៣ភាគរយជាមួយនឹងធនាគារកណ្តាល។ ធនាគារកណ្តាលបានឱ្យដឹងនាពេលកន្លងមកថា អត្រាការប្រាក់និងទិសដៅអតិផរណាមានភាពសមរម្យ។ អត្រាអតិផរណាប្រចាំឆ្នាំក្នុងខែឧសភាមានអត្រា ១,៥៤ភាគរយ។
កិច្ចពិភាក្សាជាថ្មីនេះធ្វើឡើងក្នុងគ្រាដែលមានភាពមិនច្បាស់លាស់ផ្នែកនយោបាយដែលបានធ្វើឱ្យទីផ្សារមានភាពរកាំរកូស ខណៈដែលតុលាការបានបើកសវនាការលើសំណុំរឿងសំខាន់ៗមួយចំនួន រួមទាំងការអំពាវនាវឱ្យដកនាយករដ្ឋមន្ត្រីចេញពីតំណែងផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕