ការលក់ផ្ទះនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ៣ខែជាប់គ្នា គិតត្រឹមខែឧសភា ដោយការលក់ផ្ទះកាលពីខែឧសភា ក្រោយតម្លៃផ្ទះកើនឡើងខ្ពស់ គួបផ្សំអត្រាការប្រាក់កម្ចីទិញផ្ទះចេះតែកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការលក់ផ្ទះនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ០.៧% កាលពីខែមុនដោយលក់បានតែជាង៤,១១លានយូនីត។ ក្រុមអ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ បានព្យាករថា ការលក់ផ្ទះនឹងបន្តធ្លាក់ចុះដល់៤,១០លានយូនីត ខណៈដែលការលក់ផ្ទះបន្ត ដែលជាចំណែកដ៏ធំមួយនៃការលក់ផ្ទះនៅអាម៉េរិកបានធ្លាក់ចុះជិត៣% កាលពីខែឧសភា បើធៀបនឹងឆ្នាំមុន។
មានកត្តាសំខាន់ៗ២ ដែលធ្វើឱ្យការទិញផ្ទះនៅសហរដ្ឋអាម៉េរិក មានការធ្លាក់ចុះ គឺដោយសារតម្លៃផ្ទះកើនឡើងខ្ពស់ និងការកើនឡើងអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ។ តម្លៃផ្ទះជាមធ្យមបានកើនឡើងជិត៦% ដោយឡើងដល់ជិត៤២ម៉ឺនដុល្លារ ក្នុង១យូនីតនៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៣។ ភាគរយនៃការកើនឡើងនេះគឺជាកម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២២ ហើយផ្ទះភាគច្រើនដែលបានលក់កាលពីខែមុន មានតម្លៃ៧៥ម៉ឺនដុល្លារ ឬខ្ពស់ជាងនេះ។
ទិន្នន័យពីទីភ្នាក់ងារហិរញ្ញវត្ថុកម្ចីទិញផ្ទះមួយបានបង្ហាញថា អត្រាជាមធ្យមលើកម្ចីទិញផ្ទះថេររយៈពេល៣០ឆ្នាំដ៏ពេញនិយមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៦ខែ គឺឡើងដល់ជាង ៧% កាលពីដើមខែឧសភា។ សារពើភ័ណ្ឌលំនៅឋាន ឬការផ្គត់ផ្គង់លើសតម្រូវការបានកើនឡើងកាលពីខែមុនដល់កម្រិតខ្ពស់បំផុតក្នុងពេលជិត២ឆ្នាំមកនេះ។ ការកើនឡើងនូវការផ្គត់ផ្គង់លំនៅឋានអាចទប់ស្កាត់ការកើនឡើងនូវតម្លៃផ្ទះ និងធ្វើឱ្យមានតម្លៃសមរម្យផងដែរ៕