អ្នកវិភាគបានអះអាងថា ការទទួលស្គាល់លើគោលនយោបាយចិនតែមួយ លែងជាតម្រូវការចង់បានបំផុតរបស់ចិនទៀតហើយ នៅពេលដែលបណ្តាមេដឹកនាំពិភពលោកនៅក្នុងក្រុមប្រទេស Global South បានជួបបណ្តាមេដឹកនាំកំពូលរបស់ក្រុងប៉េកាំង។ ចាប់តាំងពីខែមេសាឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ អ្វីដែលចិនកំពុងចង់បានបំផុតនោះ គឺគោលនយោបាយបង្រួបបង្រួមជាតិរបស់ខ្លួនជាពិសេសគឺកោះតៃវ៉ាន់តែម្តង។
នៅអំឡុងពេលលោកនាយករដ្ឋមន្ត្រីចិន លី ឈាង ធ្វើទស្សនកិច្ចនៅម៉ាឡេស៊ីកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ប្រទេសរបស់លោកគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញ។ ការគាំទ្រលើគោលនយោបាយបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់ មិនមែនជាឃ្លារដែលលោក អាន់វ៉ា បានប្រើនៅពេលគាត់ជួបលោក ស៊ី ជិនភីង នៅទីក្រុងប៉េកាំងកាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ នោះទេ។
តាមការវិភាគរបស់ក្រុមអ្នកវិភាគ មកដល់ពេលនេះគោលនយោបាយចិនតែមួយ ប្រហែលជាលែងសូវចង់បានខ្លាំងនៅក្នុងរបៀបវារៈនៃគោលនយោបាយការរបទេសរបស់ចិនទៀតហើយ។ អ្វីដែលចិនកំពុងតែចង់បាននៅពេលនេះ គឺសង្កត់ធ្ងន់នៅលើគោលនយោបាយបង្រូបបង្រួមជាតិ។
បណ្តាមេដឹកនាំប្រទេសផ្សេងៗ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងបានជួបមេដឹកនាំចិន ចាប់ពីខែឧសភា មក គឺសុទ្ធតែបានបង្ហាញ និងបង្កប់នូវអត្ថន័យនៃការគាំទ្រលើការបង្រួមបង្រួមជាតិរបស់ចិន។
អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺគ្រប់ជំនួបរវាងមេដឹកនាំចិន គឺសុទ្ធតែបានបញ្ជាក់ពីការគាំទ្រ ឫយ៉ាងហោចណាស់បង្កប់អត្ថន័យដោយសង្កត់ធ្ងន់លើគោលនយោបាយបង្រួបបង្រួមជាតិរបស់ចិន។ បណ្តាប្រទេសទាំងនោះ គឺមានហ្សំប៊ី ទីម័រខាងកើត អេហ្ស៊ីប ទុយណេស៊ី បារ៉ែន ប៉ាគីស្ថាន និង ម៉ាឡេស៊ី។
លោក រូស ដូស៊ី ( Rush Doshi) នាយករងក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក ទទួលបន្ទុកចិន និងតៃវ៉ាន់ បាននិយាយថា នេះគឺជាការឆ្លើយតបរបស់ចិនចំពោះសហរដ្ឋអាម៉េរិក ដែលបានបញ្ចេញឈ្មោះសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងការនិយាយជាសាធារណៈ អំពីសារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
លោក រូសែល ហ្សាវ ( Russell Hsiao) នាយកប្រតិបត្តិនៃវិទ្យាស្ថាន Global Taiwan នៅទីក្រុង វ៉ាស៊ីនតោនបានចាត់ទុកសេចក្តីថ្លែងការណ៍របស់លោក អាន់វ៉ា គឺជាសញ្ញាមួយក្នុងចំណោមសញ្ញាដ៏គួរឱ្យព្រួយបារម្ភជាច្រើននៃការផ្លាស់ប្តូរកាន់តែខ្លាំងក្លានៅក្នុងវិធីសាស្រ្តរបស់លោក ស៊ី ចំពោះកោះតៃវ៉ាន់។
លោក បាននិយាយថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុងប៉េកាំងបានចាប់ផ្តើមប្រែប្រួលតាំងពី ពាក់កណ្តាល នៃអាណត្តិទីពីររបស់អតីតប្រធានាធិបតីកោះតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីនវេន ( Tsai Ing-wen) មកម្ល៉េះ។ លោកបានអះអាងថា ទីក្រុងប៉េកាំងលែងស្វែងរកការយល់ព្រមផ្នែកនយោបាយពីប្រទេសដទៃទៀតលើគោលការណ៍ចិនតែមួយទៀតហើយ ប៉ុន្តែអ្វីដែលចិនចង់បាន គឺជំហរលើការបង្រួបបង្រួមតែម្តង៕