គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការត្រៀមទុកកញ្ចប់ថវិកាជាង៨១៥លានដុល្លារ ដើម្បីជួយប្រជាកសិករក្នុងការដោះស្រាយបញ្ហាថ្លៃជីកសិកម្ម ដោយគេរំពឹងថា អាចជួយបង្កបង្កើនទិន្នផលស្រូវបាន១០% នៅក្នុងរដូវប្រមូលផលឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុនកេ (Chai Wacharonke) បាននិយាយកាលពីពេលថ្មីៗថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តយល់ព្រមលើការត្រៀមទុកថវិកាសង្គ្រោះបន្ទាន់ចំនួនជាង៨១៥លានដុល្លារ ដើម្បីជួយគាំទ្រគម្រោងទិញជីរួមគ្នា ដើម្បីកាត់បន្ថយចំណាយរបស់កសិករក្នុងការទិញជីធ្វើស្រែចម្ការសម្រាប់ឆ្នាំនេះ។
ក្រោមគម្រោងទិញជីរួមគ្នានេះ រដ្ឋាភិបាលនឹងជួយឧបត្ថម្ភថ្លៃជីសម្រាប់កសិករដោយក្នុងមួយរ៉ៃស្មើនឹងទំហំ១,៦០០ម៉ែត្រការេ ទទួលបានប្រាក់១៣ដុល្លារ ហើយប្រជាកសិករម្នាក់អាចទទួលបានអតិបរមា២០រ៉ៃសម្រាប់រដូវដាំដុះឆ្នាំ២០២៤/២៥ ហើយគម្រោងនេះគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
កសិករអាចទិញជីពីហាង ឬក្រុមហ៊ុនលក់ជីមួយចំនួនដែលបានចុះបញ្ជីជាមួយនឹងភ្នាក់ងាររបស់រដ្ឋជាមួយនឹងរូបមន្តជីចំនួន១៥ប្រភេទ ហើយតម្លៃលក់ជីត្រូវតែទាបជាងតម្លៃទីផ្សារ ហើយការទិញជីនេះទៀតសោត គឺត្រូវធ្វើតាមរយៈធនាគារកសិកម្ម និងសហករណ៍កសិកម្ម។
ប្រជាកសិករដែលចង់ចូលរួមនៅក្នុងគម្រោងនេះត្រូវចុះឈ្មោះជាមួយនឹងក្រសួងកសិកម្ម និងសហករណ៍ ហើយកសិករប្រហែលជិត៥លាននាក់ត្រូវបានគេប៉ាន់ស្មានថា នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ៕