Alynana Media Cambodia
Icon Collap
clinic narit

កិច្ចព្រមព្រៀងបំណុលរបស់ស្រីលង្កា នឹងជួយស្ដារនិរន្តរភាពបំណុលឡើងវិញ

Media LNN | Jun 28, 2024
កិច្ចព្រមព្រៀងបំណុលរបស់ស្រីលង្កា នឹងជួយស្ដារនិរន្តរភាពបំណុលឡើងវិញ
Clinic narith

(កូឡុំបូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងបំណុលរបស់ប្រទេសស្រីលង្កា ជាមួយប្រទេសចិន និងប្រទេសជាម្ចាស់បំណុលផ្សេងទៀត ដើម្បីរៀបចំឡើងវិញ នូវបំណុលទ្វេភាគីប្រហែល ១០ពាន់លានដុល្លារ បានធ្វើឱ្យប្រទេសដីកោះមួយនេះ បោះជំហានកាន់តែខិតជិតទៅរកការស្ដារនិរន្តរភាពបំណុលឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សម្ដីលោក Peter Breuer ប្រធានបេសកកម្មជាន់ខ្ពស់របស់មូលនិធិ IMF ប្រចាំប្រទេសស្រីលង្កា ខណៈបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «យើងសង្ឃឹមថានឹងមានវឌ្ឍនភាពយ៉ាងឆាប់រហ័ស ក្នុងការឈានដល់កិច្ចព្រមព្រៀង ជាមួយម្ចាស់បំណុលឯកជនបរទេស នាពេលអនាគតដ៏ខ្លីខាងមុខ»។

ប្រទេសស្រីលង្កានៅតែត្រូវការបញ្ចុះបញ្ចូល អ្នកកាន់កាប់មូលបត្របំណុលនានា ឱ្យរៀបចំឡើងវិញនូវមូលបត្របំណុលអន្តរជាតិ ដែលមានទឹកប្រាក់ប្រហែល ១២,៥ពាន់លានដុល្លារអាមេរិក ដែលមូលនិធិ IMF បានឱ្យដឹងថា ខ្លួនសង្ឃឹមថានឹងមើលឃើញវឌ្ឍនភាព យ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លីនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសស្រីលង្កាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសម្ចាស់បំណុលផ្សេងទៀត ដើម្បីរៀបចំឡើងវិញនូវបំណុលទ្វេភាគីប្រហែល ១០ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃពុធ។

ការចុះកិច្ចព្រមព្រៀងនេះ នាំមកឱ្យប្រទេសស្រីលង្កាកាន់តែខិតទៅជិតការបញ្ចប់ដំណើរការ រៀបចំបំណុលឡើងវិញ ដែលកិច្ចការនេះបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីប្រាក់បម្រុងអន្តរជាតិរបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត និងបានបង្កឱ្យប្រទេសដីកោះនេះបរាជ័យ ក្នុងការសងបំណុលបរទេសរបស់ខ្លួនជាលើកដំបូង។

លោកប្រធានាធិបតី Ranil Wickremesinghe បានថ្លែងបន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាថា ប្រទេសស្រីលង្កានឹងស្វែងរកការអនុម័តពីសភារបស់ខ្លួន លើកិច្ចព្រមព្រៀងនៅថ្ងៃទី២ ខែកក្កដា។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យប្រទេសស្រីលង្កាពន្យារពេលសងបំណុល ដល់ម្ចាស់បំណុលទ្វេភាគីរហូតដល់ឆ្នាំ២០២៨ និងបង្កើនរយៈពេលសងវិញរហូតដល់ឆ្នាំ២០៤៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕