(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីថ្លែងថា មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមរតកមនុស្សរស់នៃសិល្បៈចាប៉ីដងវែង ដែលជាមរតកសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ៕
សូមជម្រាបជូនថា ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានគាត់ក៏បានទទួលឈ្មោះហៅក្រៅថា "សង្ហា" ណៃ។
គួរជម្រាបផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បៈករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ហើយជារឿងដ៏សោកស្តាយបំផុត ដែលកម្ពុជាបានបាត់បង់មរតកមនុស្សរស់ឆ្នើមដូចជារូបលោក៕