ក្រសួងឧស្សាហកម្មថៃបាននិយាយថា រោងចក្រក្នុងស្រុកជាច្រើនដែលផលិតគ្រឿងអេឡិចត្រូនិច ដែក និងប្លាស្ទិក ដែលមានតម្លៃវិនិយោគជិត៣៨០លានដុល្លារត្រូវបានបិទទ្វារនៅឆ្នាំនេះ ដោយសារការបញ្ជាទិញធ្លាក់ចុះ គួបផ្សំទំនិញនាំចូលមានតម្លៃថោកកំពុងជោរជន់ពាសពេញផ្សារនៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
បើតាមស្ថិតិពីនាយកដ្ឋានការងារឧស្សាហកម្មបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ មានរោងចក្រសរុបចំនួន៤៨៨កន្លែងនៅទូទាំងវិស័យឧស្សាហកម្ម ដូចជាអេឡិចត្រូនិក ដែក និងប្លាស្ទិកជាដើម បានបោះបង់ចោលអាជីវកម្មរបស់ខ្លួន ដោយរោងចក្រទាំងនេះមានតម្លៃវិនិយោគសរុបជិត៣៨០លានដុល្លារ។
បើតាមលោកស្រី ពីមផាត្រា វីឆៃគុល (Pimphattra Wichaikul) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិច និងបន្ទះសៀគ្វីនៅប្រទេសថៃ មានតម្លៃវិនិយោគខ្ពស់បំផុតជាង៦២លានដុល្លារ ខណៈរោងចក្រផលិតដែក និងដែកថែបមានតម្លៃវិនិយោគជិត៤០លានដុល្លារ ខណៈដែលរោងចក្រផលិតប្លាស្ទិកមានតម្លៃជាង២៥លានដុល្លារ។
ក្រុមហ៊ុនជាច្រើនបានសម្រេចចិត្តកាត់បន្ថយបុគ្គលិកជាង១ម៉ឺននាក់ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។ លោកស្រី ពីមផាត្រា បាននិយាយថា មូលហេតុសំខាន់ដែលបណ្តាលឱ្យក្រុមហ៊ុនងាកទៅរកការបញ្ឈប់បុគ្គលិក និងការបិទទ្វាររោងចក្រ គឺដោយសារកង្វះការប្រកួតប្រជែងបើធៀបនឹងប្រទេសមួយចំនួនដែលនាំចេញផលិតផលមកកាន់ទីផ្សារប្រទេសថៃ។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុនក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងគូប្រជែងដែលលក់ផលិតផលក្នុងតម្លៃទាបជាងខ្លួនបាននេះ ជាហេតុបង្ខំឱ្យក្រុមហ៊ុនខ្លះសម្រេចចិត្តដោះស្រាយបញ្ហាដោយផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសជិតខាង ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន៕