Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រាក់យ៉េន ជប៉ុន ធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅជិត ៤ទសវត្សរ៍មកនេះ

Media LNN | Jun 29, 2024
ប្រាក់យ៉េន ជប៉ុន ធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅជិត ៤ទសវត្សរ៍មកនេះ
Clinic narith

កាលពីពេលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ប្រាក់យ៉េន ជប៉ុន ធៀបនឹងប្រាក់ដុល្លារ អាម៉េរិកបានធ្លាក់ថ្លៃខ្លាំងលើស ១៦០យ៉េនក្នុង១ដុល្លារអាម៉េរិកជាលើកដំបូង ចាប់តាំងពីចុងខែមេសា ដើមឆ្នាំ២០២៤ ជាពេលដែលរាជរដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុនបានចាប់ផ្តើមធ្វើអន្តរាគមន៍ ដើម្បីជួយគាំទ្ររូបិយប័ណ្ណក្នុងស្រុកមួយនេះ។ ការធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៤ទសវត្សរ៍មកនេះ ធ្វើឱ្យមានការរំពឹងទុកថា នឹងមានការអន្តរាគមន៍រូបិយបណ្ណបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

ប្រាក់យ៉េនជប៉ុន ធៀបនឹងប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃខ្លាំងរហូតដល់១៦០,៨៦យ៉េនក្នុង១ដុល្លារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ដែលនេះគឺជាការធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានសម្រាប់រូបិយ​បណ្ណ​យ៉េន​ចាប់តាំងពីឆ្នាំ១៩៨៦មក។ ទន្ទឹមនេះប្រាក់យ៉េន ជប៉ុន ធៀបនឹងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃរហូត​ដល់ទៅ១៧១,៧៩យ៉េនក្នុង១អឺរ៉ូ ដែលនេះក៏ជាការធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មានដែរ ចាប់តាំងពីប្រាក់អឺរ៉ូ​ក្លាយជារូបិយបណ្ណរួមរបស់សហភាពអឺរ៉ុប ត្រូវបានអនុម័តឱ្យធ្វើចរាចរជាផ្លូវការក្នុងឆ្នាំ១៩៩៩។

នៅលើផ្សារហ៊ុនរបស់ប្រទេសជប៉ុន សន្ទស្សន៍ភាគហ៊ុន Nikkei Stock Average បានធ្លាក់ចុះខ្លាំង​រហូតដល់១,២%​កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយអ្នកវិនិយោគជាច្រើន ចៀសវាងទិញ​ភាគហ៊ុន​នៅក្នុងបណ្ដាក្រុមហ៊ុននាំចេញដោយសារប្រាក់យ៉េន ធ្លាក់ថ្លៃខ្លាំង។

ចំណែកឯភាគហ៊ុនក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុនផលិតឧបករណ៍ឈីបជប៉ុន Tokyo Electron និង Screen Holdings ជាដើម ក៏បានធ្លាក់ថ្លៃដែរ ដោយសារតែប្រាក់ចំណេញធ្លាក់ចុះ។

សូមបញ្ជាក់ថា ប្រទេសជប៉ុននៅពេលនេះ គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក ក្រោយពីបាត់បង់ចំណាត់ថ្នាក់លេខ៣ ទៅលើប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ខណៈឥណ្ឌា ជាប់ជាមហាអំណាចសេដ្ឋកិច្ចលេខ៥ មហាយក្សចិន ជាមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយសហរដ្ឋអាម៉េរិក ជាមហាអំណាចសេដ្ឋកិច្ចលេខ១៕