ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ាន ជាមួយនឹងចំនួនប្រជាជនសរុបរហូតដល់ទៅប្រមាណ២៨០លាននាក់ គ្រោងទិញយកក្រុមហ៊ុនស្រូវអង្ករកម្ពុជា មួយចំនួន ដើម្បីបង្កើនការផ្គត់ផ្គង់អង្ករក្នុងស្រុកឱ្យឈានដល់កម្រិតសុវត្ថិភាព។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញមើលឃើញថា ផែនការនេះអាចជួបបញ្ហាប្រឈមដោយសារការរឹតបន្តឹងការនាំចេញ និងច្បាប់ស្ដីពីកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។
ប៊ូឡុក (Bulog) ដែលជាទីភ្នាក់ងារភស្តុភារកម្មគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូនេស៊ី បានចាប់ផ្ដើមជជែកជាមួយក្រុមហ៊ុនស្រូវអង្ករកម្ពុជា មួយចំនួន និងធនាគារឥណ្ឌូនេស៊ី មួយចំនួនរួចហើយអំពីផែនការទិញយកក្រុមហ៊ុនកម្ពុជានេះ។
លោក បាយូ គ្រឹស្នាមួធី (Bayu Krisnamurthi) ប្រធានទីភ្នាក់ងារភ័ស្តុភារកម្ម Bulog បានប្រាប់កាសែត The Straits Times ថា ដោយសារស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ បញ្ហានេះនឹងត្រូវលើកយកទៅពិភាក្សាលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅដំណាក់កាលក្រោយៗទៀត។
សូមបញ្ជាក់ថា ប្រធានាធិបតីជិតចប់អាណត្តិនៃប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី១០ ខែមិថុនា បានស្នើសុំឱ្យទីភ្នាក់ងារភស្តុភារកម្ម Bulog ពិចារណាទិញយកក្រុមហ៊ុនស្រូវអង្ករកម្ពុជា ដើម្បីធានាថា ស្តុកអង្កររបស់ប្រទេសឥណ្ឌូនេស៊ី មានគ្រប់គ្រាន់ស្ថិតក្នុងកម្រិតសុវត្ថិភាព ហើយផែនការនេះកំពុងស្ថិតក្នុងដំណើរការចរចា។
ក្រុមមន្ត្រីឥណ្ឌូនេស៊ី បាននិយាយថា ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតស្រូវអង្ករធំបំផុតទី៤ របស់ពិភពលោក និងជាប្រទេសមានតម្រូវការអង្ករធំបំផុតទី៣ របស់ពិភពលោកគ្រោងនឹងនាំចូលអង្ករឱ្យបានរហូតដល់ទៅ៣,៦លានតោន នៅឆ្នាំ២០២៤ នេះ ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករសម្រាប់អ្នកប្រើប្រាស់ ស្របពេលមានការរំពឹងទុកថា អាចនឹងប្រមូលផលស្រូវអង្ករបានតិចជាងឆ្នាំមុនៗដោយសារគ្រោះរាំងស្ងួត។
យោងតាមការិយាល័យជាតិ ស្ថិតិឥណ្ឌូនេស៊ី បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ប្រទេសឥណ្ឌូនេស៊ី ផលិតស្រូវអង្ករបានចំនួនជាង៣១លានតោន ដោយកើនឡើង១,៤% បើធៀបនឹងឆ្នាំ២០២២។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនបំផុតទី៤ របស់ពិភពលោកជាមួយនឹងប្រជាជនរហូតដល់ទៅប្រមាណ២៨០លាននាក់ មានតម្រូវការអង្កររហូតដល់ទៅប្រមាណជា៣០លានតោនឯណោះក្នុងមួយឆ្នាំ៕