ក្រសួងផែនការ និងវិនិយោគរបស់វៀតណាម (MPI) បានប៉ាន់ប្រមាណថា ក្រសួងនេះនឹងត្រូវការថវិការហូតទៅជាង១ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលវិស្វករបន្ទះសៀគ្វី ចំនួន៥ម៉ឺននាក់នៅត្រឹមឆ្នាំ២០៣០ រួមទាំងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងឧស្សាហកម្មបន្ទះឈីប ដល់ឆ្នាំ២០៣០ ដោយគ្រោងនឹងពង្រីកដល់ឆ្នាំ២០៥០ ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។
បច្ចុប្បន្នវៀតណាម មានអ្នកជំនាញយ៉ាងតិច៥ពាន់នាក់ រួចទៅហើយ ដែលមានសញ្ញាបត្រវិស្វកម្មជាមួយនឹងបទពិសោធន៍ខាងបញ្ញាសិប្បនិមិត្ត (AI) ដែលកំពុងបម្រើការងារនៅតាមឧស្សាហកម្មបន្ទះឈីបនៅប្រទេសនេះ។ ប៉ុន្តែវៀតណាម គ្រោងនឹងបណ្ដុះបណ្ដាលវិស្វករជំនាញបន្ទះឈីប ចំនួន៥ម៉ឺននាក់បន្ថែមទៀត នៅត្រឹមឆ្នាំ២០៣០។
ក្រសួងផែនការវៀតណាម បាននិយាយថា ដើម្បីសម្រេចបានគោលដៅនេះ វៀតណាមត្រូវការថវិកាប្រហែលជាង១,៦ពាន់លានដុល្លារ សម្រាប់បណ្ដុះបណ្ដាលវិស្វករទាំងនេះ ហើយក្នុងចំណោមថវិកាទាំងនេះ គឺប្រហែល៥៤៦លានដុល្លារ សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងប្រហែលជិត៥៩លានដុល្លារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ ខណៈប្រហែលជាង២៥១លានដុល្លារទៀត សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ចំណែកប្រហែល១៤៥ លានដុល្លារ សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងប្រហែល១៥លានដុល្លារទៀតសម្រាប់ភារកិច្ច និងដំណោះស្រាយផ្សេងៗទៀត៕