វិស័យអចលនទ្រព្យ គឺជាវិស័យសរសស្តម្ភមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ហើយវិស័យនេះបានរីកចម្រើនយ៉ាងផុសផុលនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែបន្ទាប់ពីពិភពលោកក៏ដូចជាកម្ពុជា ទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យទីផ្សារទិញលក់ក្នុងវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយមកទល់ពេលនេះក៏មិនទាន់បានបង្ហាញសញ្ញានៃការងើបឡើងវិញនៅឡើយទេ ពោលគឺហាក់នៅមានសភាពទ្រឹងនៅឡើយ។
តើក្នុងអំឡុងពេលទីផ្សារអចលនទ្រព្យកម្ពុជាកំពុងនៅទ្រឹងបែបនេះ អ្នកទិញ ឬអ្នកវិនិយោគត្រូវមានការប្រយ័ត្នប្រយែងបែបណាខ្លះក្នុងការវិនិយោគក្នុងវិស័យនេះ?
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា អ្នកទិញ ឬអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវតែមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការវិនិយោគក្នុងវិស័យនេះ ទាំងក្នុងស្ថានភាពទីផ្សារធម្មតា និងទីផ្សារនៅទ្រឹងដូចបច្ចុប្បន្ន។ សម្រាប់អ្នកជំនាញរូបនេះ មុនសម្រេចចិត្តទិញ ឬវិនិយោគ អ្នកទិញ ឬអ្នកវិនិយោគត្រូវប្រាកដថា អចលនទ្រព្យដែលខ្លួនចង់វិនិយោគនោះ អាចផ្ទេរកម្មសិទ្ធិបាន ពោលគឺត្រូវពិនិត្យលើភាពស្របច្បាប់នៃអចលនទ្រព្យនោះជាមួយអាជ្ញាធរជំនាញជាមុនសិន។
ទន្ទឹមនឹងពិនិត្យលើភាពស្របច្បាប់ និងអាចអាចផ្ទេរកម្មសិទ្ធបានហើយនោះ អ្នកជំនាញរូបនេះណែនាំឱ្យអ្នកទិញ ឬអ្នកវិនិយោគត្រូវមើលទៅលើលក្ខខណ្ឌនៃការទិញលក់ឱ្យបានហ្មត់ចត់ ដើម្បីធានាថា ការវិនិយោគនោះមានសុវត្ថិភាព និងទទួលបានអចលនទ្រព្យពិតប្រាកដ។ ម្យ៉ាងទៀត អ្នកវិនិយោគ ក៏ត្រូវដឹងអំពីកញ្ចប់ថវិការបស់ខ្លួនសម្រាប់វិនិយោគលើអចលនទ្រព្យប្រភេទណាមួយផងដែរ ដ្បិតថា ប្រភេទអចលនទ្រព្យនីមួយៗឆ្លុះបញ្ចាំងអំពីផលចំណេញត្រឡប់មកវិញនៃអចលនទ្រព្យនោះ ក៏ដូចជាសុវត្ថិភាពនៃការវិនិយោគនោះផងដែរ។
សូមជម្រាបថា បើតាមការអះអាងរបស់លោក សន សៀប បើទោះបីជាទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នហាក់មិនទាន់ងើបឡើងប្រសើរវិញដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែលោកសង្កេតឃើញថា នៅក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៤នេះ ចរន្តទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហាក់មានសកម្មភាពល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕