(កំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញលែងកូនត្រី ១.៥លានក្បាល ចូលបឹងធំក្នុងស្រុកព្រៃឈរ៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ និង តែងតែប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមការពារ និង អភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃ និងដើម្បីឱ្យត្រីមេពូជទាំងឡាយបន្តពូជ ពងកូន និងរីកធំធាត់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកកម្ពុជាមានភ័ព្វសំណាងណាស់ ព្រោះសម្បូរត្រីនៅគ្រប់ទីកន្លែង ទីតាំងពីទន្លេ ព្រែក ស្ទឹង បឹងបួរ អាងទឹក រហូតដល់វាលទំនាប និងវាលស្រែទៀតផង ដូចដែលសុភាសិតខ្មែរ ពោលថា «ទីណាមានទឹក ទីនោះមានត្រី»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូច្នេះគ្រប់គ្នា ត្រូវចូលរួមថែរក្សាការពារធនធានជលផលឱ្យបានស្ថិតស្ថេរគង់វង្ស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួម ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស គឺនៅតែលើកលែងពន្ធសម្រាប់ដីកសិកម្មរបស់ប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យច្រើន។ ចិញ្ចឹមអ្វី ដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យបាននូវទីផ្សារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកសិកម្មដៃម្ខាងគិតពីចំណូលកសិករ និងដៃម្ខាងទៀតត្រូវធានាតម្លៃសមរម្យសម្រាប់អ្នកទិញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពកសិកម្មបច្ចុប្បន្ននេះ អ្នកផលិតថយ អ្នកហូបកើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចលុបឡូតិ៍នេសាទ ជាជម្រើសដ៏ល្អ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសនេសាទ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខផ្ទៃដីកសិកម្មនឹងកាន់តែរួមតូច ដោយសារកំណើនតម្រូវការដីសម្រាប់លំនៅឋាន និងបម្រើក្នុងវិស័យផ្សេងៗ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដាក់ចេញគោលនយោបាយបន្តបន្ទាប់ជួយដល់កសិករ និងវិនិយោគផ្សេងៗលើវិស័យកសិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ត្រីបែបធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋដូចពេលមុនទៀតនោះទេ គឺត្រូវតែជំរុញការចិញ្ចឹមបន្ថែម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវជំរុញប្រជាពលរដ្ឋចូលរួមការចិញ្ចឹមត្រី និងសត្វធាតុផ្សេងៗ ដើម្បីបំពេញការបរិភោគ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ចិញ្ចឹមត្រី សត្វធាតុ និងការដាំដុះបន្លែនៅតាមអង្គភាពទ័ពមិនត្រូវបោះបង់នោះឡើយ ដើម្បីម្ចាស់ការសន្តិសុខស្បៀង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋមានស្មារតីចូលរួមអភិរក្សត្រីជិតផុតពូជ ពេលនេសាទបានលែងទៅវិញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃកសិកម្មនៅក្នុងឆ្នាំ២០២៤នេះ មានស្ថានភាពល្អប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជឿលើសម្តេចតេជោ។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ប្តេជ្ញាចិត្តមិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឱ្យគម្រោងចេញជារូបរាង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដោយកូនខ្មែរ ដើម្បីកូនខ្មែរសម្រាប់អនាគត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលជលផល ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជ និង វារីសត្វឱ្យកាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទន្ទឹមនេះ រដ្ឋបាលជលផលត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និងទីជម្រកមច្ឆជាតិផ្សេងទៀតដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង។ សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និង ឧតុនិយម បង្កើនកិច្ចសហការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការពារ និងសង្គ្រោះជម្រកត្រី ត្រីមេពូជ និង វារីសត្វងាយរងគ្រោះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និង ជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស, រួមមានសម្បទានដីសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចម្ការឈើដាំ សហគមន៍នេសាទ និងកន្លែងអភិរក្សជលផល ដើម្បីទប់ស្កាត់ និង បង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ, ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និង ជាកន្លែងស្វែងរកចំណី។ សម្តេចធិបតី លើកទឹកចិត្តដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ដៃគូអភិវឌ្ឍ បន្តចូលរួមជំរុញចលនា ដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និង ថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។ សម្តេចធិបតី បានថ្លែងថា កុំចង់សាកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ សម្តេចនឹងចាត់វិធានការគ្មានការលើកលែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និង បង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់។ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង, ដូចជាឧបករណ៍ឆក់ និងស្បៃមុងជាដើម។ សម្តេចធិបតី ណែនាំបង្កើនការផ្សព្វផ្សាយ ការអប់រំ និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និង ធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពសហគមន៍ នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នសាទ គ្មានបទល្មើសជលផល» និង ត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ទាំងនោះ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និងព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទ និងកាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខ សម្រាប់ទ្រទ្រង់ជីវភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស បង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និង កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិផង។
* សម្តេចធិបតី ណែនាំឱ្យបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និង ការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា, ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សម្តេចធិបតី បានអំពាវនាវ និងលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍ និង វិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និង ការកែច្នៃផល ផលិតផលជលផលកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងបរិស្ថាន ត្រូវ បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម។
* ដើម្បីចូលរួមពង្រឹងស្មារតី «ទិវាមច្ឆជាតិ ០១ កក្កដា» សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និង ប្រជាពលរដ្ឋជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ, ដូចជា ថ្មស្អុយ ឧបករណ៍ឆកត្រី ស្បៃមុង គ្រឿងផ្ទុះ អ្វីក៏ដោយដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា)។ រួមគ្នាទុកត្រីឱ្យធំ ឱ្យវាពង ឱ្យវាញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រីគឺជាប្រភពអាហារដ៏ចម្បងមួយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៤០នាទីនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤៕