Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប

Media LNN | Jul 01, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប
Clinic narith

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញ ដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋាន, មន្ត្រី និងប្រជាពលរដ្ឋរបស់យើង ដើម្បីចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប, ការឈូសឆាយទ្រង់ទ្រាយធំ, ការប្រើប្រាស់ជីគីមីហួសហេតុ ដែលធ្វើឲ្យមិនត្រឹមតែ ធ្វើឲ្យអស់ព្រៃឈើសម្រាប់ព្រៃលិចទឹកទេ ប៉ុន្តែពេលទឹកឡើង វាទៅជាប្រភព នៅក្នុងការធ្វើឲ្យពុលត្រីស្លាប់តពូជ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នា ដើម្បីដាំដើមឈើឡើងវិញ ត្រូវបន្តធ្វើ ហើយធ្វើជាប់ជាប្រចាំ មិនចប់ទេ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើផងដែរថា សូមកុំស្រមើស្រមៃថា រដ្ឋាភិបាល ធ្វើតែពេលនេះ ហើយដកថយទុកលំហរ ឲ្យធ្វើសកម្មភាពផ្ដេសផ្ដាស គឺអត់ទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងនៅបន្តធ្វើ បន្តថែរក្សា ដរាបណាបឹងទន្លេសាប នៅតែជាជម្រកត្រីពង នៅតែជាតំបន់ដែលត្រូវការពារ ប្រព័ន្ធអេកូឡូស៊ី ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំងប្រទេស។ រាជរដ្ឋាភិបាល ត្រូវមានកាតព្វកិច្ចដាច់ខាត ដើម្បីការពារតំបន់នេះ ហើយយើងនឹងបន្តជាប្រចាំ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ថា «សូមកុំចង់សាកល្បង គិតថា រដ្ឋាភិបាលថ្មីក្មេងៗអត់ហ៊ានធ្វើអ្វី ខ្ញុំសូមបញ្ជូនសារឲ្យហើយ យើងនឹងបន្តធ្វើ ព្រោះជាកាតព្វកិច្ច។ កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារៈកិច្ច ដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយចីរភាពសម្រាប់ទាំងអស់គ្នានេះ»៕