Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើជប៉ុនជួយកម្ពុជាដោយរបៀបណា ដើម្បីឈានទៅសម្រេចគោលដៅជាអធិរាជគ្រាប់ស្វាយចន្ទី

Media LNN | Jul 02, 2024
តើជប៉ុនជួយកម្ពុជាដោយរបៀបណា ដើម្បីឈានទៅសម្រេចគោលដៅជាអធិរាជគ្រាប់ស្វាយចន្ទី
Clinic narith

កម្ពុជា មានសក្តានុពលខ្ពស់ក្នុងការក្លាយជាអធិរាជឧស្សាហកម្មគ្រាប់ស្វាយចន្ទីមួយនៅលើពិភពលោក តែកង្វះធនធាននិងបច្ចេកទេសក៏ដូចជាមូលនិធិ គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅនេះ។ តែយ៉ាងណាភាគីជប៉ុន កំពុងជួយដោះស្រាយបញ្ហានេះជូនកម្ពុជា។ តើជប៉ុនជួយកម្ពុជាដោយរបៀបណាក្នុងការឈានសម្រេចបានគោលដៅនេះ ស្របពេលគេដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជាស្ទើរតែទាំងអស់ត្រូវបាននាំចេញដោយមិនបានកែច្នៃ?

សារព័ត៌មាន Nikkei បានរាយការណ៍ថា នៅពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងថាមពលជប៉ុនមួយ គឺក្រុមហ៊ុន Mirarth បាន និងកំពុងជួយកម្ពុជា ក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅក្លាយជាអធិរាជស្វាយចន្ទី និងជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូលរបស់ពិភពលោក។ ជាក់ស្តែងកាលពីដើមខែមិថុនា ក្រុមហ៊ុននេះបានដាក់ឱ្យដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ដែលត្រូវបានមន្រ្តីរដ្ឋបាលខេត្តនេះចាត់ទុកជានិមិត្តរូបនៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

ពាក់ព័ន្ធនឹងរោងចក្រនេះ ក្រុមហ៊ុន Mirarth បានឲ្យដឹងថា រោងចក្រថ្មីនេះមានខ្សែច្រវាក់កែច្នៃចំនួនពីរដែលនាំមកពីប្រទេសវៀតណាម ដែលអាចកែច្នៃបកសំបកគ្រាប់ស្វាយចន្ទី បានចំនួន ៨តោន ក្នុងមួយថ្ងៃ ហើយអាចនឹងកែច្នៃវេចខ្ចប់នាំចេញបាននៅក្នុងរង្វង់២តោន នៅក្នុងមួយថ្ងៃ ដូច្នេះនៅក្នុងមួយឆ្នាំរោងចក្ររំពឹងថា នឹងអាចនាំចេញបានរហូតដល់ទៅ៦០០តោនឯណោះ ។ បើតាមការអះអាងរបស់ក្រុមហ៊ុននេះ ក្រៅពីបកសំបក កែច្នៃ និងវេចខ្ចប់ ក្រុមហ៊ុននៅអាចមានលទ្ធភាពប្រើប្រាស់សំណល់ពីសំបកគ្រាប់ស្វាយចន្ទីទាញយកឥន្ធនៈជីវម៉ាសផងដែរ។

ក្រៅពីរោងចក្រដែលបានសាងសង់រួចនេះ ក្រុមហ៊ុន Mirarth មានផែនការកសាងរោងចក្រថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ទៅ២ម៉ឺនតោន ស្របពេលសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា កសិករនៅក្នុងស្រុកអាចមានសមត្ថភាពប្រមូលផលគ្រាប់ស្វាយចន្ទីសរុបបានរហូតដល់ទៅ៦៥ម៉ឺនតោន ហើយស្ទើរតែទាំងអស់នៃគ្រាប់ស្វាយចន្ទីនេះត្រូវបាននាំចេញដោយមិនបានឆ្លងកាត់ការកែច្នៃ។

លោក កេនតារ៉ូ តានីហ្គោជី ( Kentaro Taniguchi ) មន្រ្តីប្រតិបត្តិនៅក្រុមហ៊ុន Mirarth Holdings បានអះអាងថា កម្មករដែលទទួលបានបទពិសោធន៍ក្នុងខេត្តកំពង់ធំ នឹងក្លាយជាបេក្ខជនអ្នកគ្រប់គ្រងនាពេលអនាគតនៅរោងចក្រថ្មី។

ដោយឡែក លោក អាស៊ូស៊ី យូអេណូ (Atsushi Ueno) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា រោងចក្រនៅកំពង់ធំជាគំរូមួយត្រូវបានបង្កើតឡើង ហើយលោក សង្ឃឹមថា វានឹងជំរុញការពង្រីកបន្ថែមទៀតនៅកម្ពុជា។

មកដល់ពេលនេះប្រទេសដែលកំពុងកាន់កាប់ដំណែងកំពូលជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក គឺប្រទេសវៀតណាម ដោយប្រទេសភូមិផងរបងជាមួយកម្ពុជានេះបានរួមចំណែករហូត៥៧% ឬប្រមាណ៣០ម៉ឺនតោន នៃទីផ្សារនាំចេញស្វាយចន្ទីនៅសរុបនៅលើពិភពលោក៕