Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ធ្វើឱ្យរង្គោះរង្គើខ្លាំងដល់ប្រាក់ចំណេញក្នុងផ្សារហ៊ុននៅអាស៊ី

Media LNN | Jul 03, 2024
ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ធ្វើឱ្យរង្គោះរង្គើខ្លាំងដល់ប្រាក់ចំណេញក្នុងផ្សារហ៊ុននៅអាស៊ី
Clinic narith

ឥទ្ធិពលលុយរបស់សហរដ្ឋអាម៉េរិក ក្នុងនាមមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោកបានជះមកលើទីផ្សារហិរញ្ញវត្ថុនៅតំបន់អាស៊ីកាន់តែខ្លាំងឡើងក្នុងឆ្នាំ២០២៤ នេះ នៅពេលការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក និងអត្រាការប្រាក់ខ្ពស់បានជះផលប៉ះពាល់មកលើអ្វីគ្រប់យ៉ាងរាប់ចាប់ពីរូបិយប័ណ្ណក្នុងស្រុករបស់តំបន់ និងភាគហ៊ុនជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកនានាក្នុងតំបន់អាស៊ី បានកាត់បន្ថយប្រាក់ចំណេញលើភាគហ៊ុនក្នុងស្រុកសម្រាប់អ្នកវិនិយោគជាប្រាក់ដុល្លារ។ អ្នកឃ្លាំមើលទីផ្សារជាច្រើនជឿថា និន្នាការនេះនឹងបន្តរហូតដល់ធនាគារកណ្ដាលអាម៉េរិកចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ដែលអាចនឹងធ្វើឡើងនៅចុងឆ្នាំនេះ។

លោក ឃារែន ខាលឌ័រ (Kieran Calder) ប្រធានផ្នែកស្រាវជ្រាវភាគហ៊ុនសម្រាប់ទីផ្សារអាស៊ី នៅធនាគារ UBP ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានលើកឡើងថា ការធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងស្រុកនានាបានធ្វើឱ្យប្រាក់ចំណេញពីការការនាំចេញធ្លាក់ចុះ ដោយសារការប្រែប្រួលខ្លាំងនៃអត្រាប្ដូរប្រាក់ តួយ៉ាងជប៉ុនបានរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់។

ក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ និងសូហ្វវែ អាម៉េរិក FactSet បានឱ្យដឹងថា សន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei Stock Average បានហក់ឡើង១៨% គិតជារូបិយប័ណ្ណក្នុងស្រុកក្នុងឆមាសទី១ ដើមឆ្នាំនេះ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនប៉ុនមួយទៀតដែលធំជាងគេ Tokyo Stock Price Index បានហក់ឡើងជិតដល់១៩%។ ប៉ុន្តែសម្រាប់អ្នកវិនិយោគជាប្រាក់ដុល្លារ ប្រាក់ចំណេញបានកើនឡើងពី៣,៦% ទៅ៤% ខណៈដែលប្រាក់យ៉េនជប៉ុន បានធ្លាក់ថ្លៃមកនៅក្រោម១៦០យ៉េន ក្នុង១ដុល្លារអាម៉េរិក កាលពីសប្តាហ៍មុន ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៦ មក។

ទោះជាយ៉ាងណា ទីផ្សារភាគហ៊ុនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងជួបស្ថានភាពផ្សេងពីនេះ ទោះបីជាអ្នកវិភាគជាច្រើនរក្សាទស្សនវិស័យវិជ្ជមានលើភាគហ៊ុនជប៉ុន សម្រាប់រយៈពេលវែងយ៉ាងណាក៏ដោយ។ តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនថៃ (SET Index) គិតជារូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះ៨%នៅឆ្នាំនេះ ខណៈអ្នកវិនិយោគជាប្រាក់ដុល្លារ បានខាតបង់ប្រមាណ១៥%។

ទន្ទឹមនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី សន្ទស្សន៍ផ្សារហ៊ុនឥណ្ឌូនេស៊ី JSX Composite Index គិតជារូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះប្រមាណ៣%ក្នុងឆ្នាំនេះ និងធ្លាក់ចុះ៩%គិតជាប្រាក់ដុល្លារ។

ចំណែកឯនៅតៃវ៉ាន់ឯណោះវិញ សន្ទស្សន៍ភាគហ៊ុនតៃវ៉ាន់ (TWSE Capitalization Weighted Stock Index) គិតជារូបិយប័ណ្ណក្នុងស្រុកបានហក់ឡើងប្រមាណ២៩%ក្នុងឆ្នាំនេះ ខណៈភាគហ៊ុនគិតជាប្រាក់ដុល្លារបានហក់ឡើង២២%។

ហើយនៅផ្សារហ៊ុនម៉ាឡេស៊ី ឯណោះវិញហាក់មានភាពលេចធ្លោសម្រាប់ការផ្តល់ប្រាក់ចំណេញខ្ពស់សម្រាប់ទាំងអ្នកវិនិយោគជារូបិយប័ណ្ណក្នុងស្រុក និងជាប្រាក់ដុល្លារ នៅឆ្នាំនេះ ដោយភាគហ៊ុនជារូបិយប័ណ្ណក្នុងស្រុកបានហក់ឡើងប្រមាណ៩% ហើយភាគហ៊ុនជាប្រាក់ដុល្លារ បានហក់ឡើង៦%ក្នុងឆ្នាំនេះ៕