ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិល បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើងថែមទៀតតាមបរិបទឌីជីថល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងតាមបណ្តាញសង្គមថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់សម្រាប់គ្រប់ជំនាញទាំងអស់ ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំ នៅតាមបណ្តាខេត្ត។ លើសពីនេះទៅទៀត ឯកឧត្តមបានជំរុញការលើកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែងទៅតាមទីតាំង និងរូបភាពផ្កាយរណបផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម។
ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនាវានុវត្តន៍ភាពឱ្យបានខ្លាំងក្លា ជាពិសេសការពង្រឹងសន្តិសុខឌីជីថល (Cyber Security) ឱ្យមានប្រសិទ្ធិភាពទៅលើកម្មវិធីកសិកម្ម គេហទំព័រ ការផ្តល់ឯកសារសេវាសាធារណៈ ប្រការចាំបាច់ត្រូវមានភាពម្ចាស់ការ ការគ្រប់គ្រងដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថលនេះ គឺបង្កើនប្រសិទ្ធភាពការងារ បង្កើនទំនុកចិត្តលើការផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង៕