ប្រទេសហ្វីលីពីន បានក្លាយជាកំពូលប្រទេសដែលប្រើប្រាស់ធ្យូងថ្មច្រើនបំផុតទី៧នៅលើពិភពលោក និងជាប់លំដាប់ទី១នៅអាស៊ាន ដោយវ៉ាដាច់ឥណ្ឌូនេស៊ី និងមហាយក្សចិនថែមទៀត។ តាមរយៈលទ្ធផលនេះបានបង្ហាញឱ្យឃើញថា ប្រជាជាតិដែនកោះមួយនេះជាប្រទេសដែលពឹងផ្អែកលើថាមពលដើរដោយធ្យូងថ្មដ៏ធំមួយ ដែលជាហេតុធ្វើឱ្យប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាក្នុងការសម្រេចបាននូវគោលដៅថាមពលបៃតងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
ហ្វីលីពីនបានវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី និងមហាយក្សចិន ក្លាយជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មសម្រាប់ផលិតថាមពលអគ្គិសនីច្រើនបំផុត ដើម្បីធានាប្រសិទ្ធភាពនៅក្នុងប្រព័ន្ធ និងផលិតភាពសេដ្ឋកិច្ចរបស់ពិភពលោក។ ទិន្នន័យនេះបានបង្ហាញថា ចំណែកនៃការប្រើប្រាស់ធ្យូងថ្មរបស់ប្រទេសនេះក្នុងការផលិតអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។
ហ្វីលីពីននៅពេលនេះឈរជើងជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មលំដាប់ទី៧នៅលើពិភពលោក ដោយបរិមាណនៃការប្រើប្រាស់ធ្យូងថ្មនៅក្នុងមួយឆ្នាំឡើងពី៥៩% នៅក្នុងឆ្នាំ២០២២ ដល់ជិត៦៣% នៅក្នុងឆ្នាំ២០២៣ ពោលគឺទម្លាក់ឥណ្ឌូនេស៊ីមកនៅលេខ៨ ហើយចិនវិញបានធ្លាក់មកនៅក្រោមលំដាប់កំពូលទាំង១០ ដោយសារតែចិន បានដាក់ចេញគោលនយោបាយដាច់ខាតបំផុតលើការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម តាមរយៈការពង្រឹងសមត្ថភាពទាញថាមពលពីថាមពលកកើតឡើងវិញដូចជាព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី។
ក្រុមធនាគាខួរក្បាលជំនាញផ្នែកថាមពល ដែលគេស្គាល់ថា Ember បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗថា ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នៅពីក្រោយប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ានក្នុងការដាក់ពង្រាយកង្ហារខ្យល់ និងការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ ស្ថាប័ននេះបានលើកឡើងថា ឥណ្ឌូណេស៊ី និងហ្វីលីពីន បានជួបការលំបាកក្នុងការបង្កើនសមត្ថភាពនៃការទាញយកថាមពលពីថាមពលកកើតឡើងវិញ ដោយសារការចំណាយពាក់ព័ន្ធផ្សេងៗ។
ក្រៅពីជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មច្រើនហើយនោះ ឥណ្ឌូណេស៊ីក៏ជាប្រទេសផលិតធ្យូងថ្មធំជាងគេទី៥របស់ពិភពលោកផងដែរ ដោយទិន្នផលកើនឡើងជាមធ្យម៧% ពោលគឺច្រើនជាងកូរ៉េខាងត្បូងទៅទៀត៕