Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌូនេស៊ី គ្រោងដំឡើងពន្ធនាំចូលដល់២០០% លើទំនិញចិន ខណៈភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចកាន់តែឡើងកម្ដៅ

Media LNN | Jul 03, 2024
ឥណ្ឌូនេស៊ី គ្រោងដំឡើងពន្ធនាំចូលដល់២០០% លើទំនិញចិន ខណៈភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចកាន់តែឡើងកម្ដៅ
Clinic narith

ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ជាមួយនឹងប្រជាជនសរុបរហូតដល់ទៅប្រមាណ២៨០លាននាក់ គ្រោងនឹងដំឡើងពន្ធដល់ទៅ២០០% លើការនាំចូលទំនិញពីប្រទេសចិន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តកើនឡើងកម្ដៅរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Tempo។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក ហ្សុលគីហ្វលី ហាសាន់ (Zulkifli Hasan) បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា គោលនយោបាយដំឡើងពន្ធនាំចូលរហូតដល់ទៅ២០០% លើទំនិញពីប្រទេសចិននេះ នឹងចូលជាធរមានភ្លាមៗនៅពេលបទប្បញ្ញត្តិពាក់ព័ន្ធត្រូវបានដាក់ចេញ។

លោកបានពន្យល់ថា សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចកំពុងធ្វើឱ្យការផ្គត់ផ្គង់ជន់ជោរហួសប្រមាណនៅក្នុងប្រទេសចិន ខណៈដែលផលិតផលរបស់ប្រទេសនេះកំពុងប្រឈមនឹងការច្រានចោលដោយបណ្តាប្រទេសលោកខាងលិច ជាហេតុបង្ខំឱ្យបណ្ដាក្រុមហ៊ុនចិន ប្តូរទិសដៅនាំចេញទៅកាន់ទីផ្សារផ្សេងទៀតដូចជាប្រទេសឥណ្ឌូនេស៊ី ជាដើម។

លោក ហាសាន់ បានគូសបញ្ជាក់ថា ពន្ធគយសម្រាប់ផលិតផលដែលផលិតនៅប្រទេសចិន នឹងមានចាប់ពី១០០% ទៅ២០០%។ លោកបានបន្ថែមទៀតថា សហរដ្ឋអាម៉េរិក អាចនឹងដំឡើងពន្ធរហូតដល់២០០% លើសេរ៉ាមិច ឬសម្លៀកបំពាក់ដែលនាំចូលពីប្រទេសចិន ហើយប្រទេសឥណ្ឌូនេស៊ី ក៏អាចនឹងធ្វើដូចសហរដ្ឋអាម៉េរិកដែរ ដើម្បីធានាថា សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧស្សាហកម្មក្នុងស្រុកអាចបន្តរស់រានមានជីវិត និងរីកចម្រើនទៅមុខ។

សូមបញ្ជាក់ថា បទប្បញ្ញត្តិថ្នាក់ក្រសួងថ្មីមួយកំពុងស្ថិតក្នុងដំណាក់កាលព្រាងដើម្បីឆ្លើយតបទៅនឹងកង្វល់លើកឡើងដោយភាគីពាក់ព័ន្ធអំពីភាពមិនគ្រប់គ្រាន់ នៃបទប្បញ្ញត្តិមុនៗទាក់ទងនឹងការការពារឧស្សាហកម្មក្នុងស្រុកពីការហូរចូលយ៉ាងគំហុក នៃផលិតផលដែលផលិតនៅប្រទេសចិន៕