Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីតម្លៃជ្រូករស់មិនអាចរើបឡើងលើសពី១មុឺនរៀលក្នុងមួយគីឡូក្រាម?

Media LNN | Jul 04, 2024
ហេតុអ្វីតម្លៃជ្រូករស់មិនអាចរើបឡើងលើសពី១មុឺនរៀលក្នុងមួយគីឡូក្រាម?
Clinic narith

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានវាយតម្លៃថា ទោះបីរាជរដ្ឋាភិបាលបានផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្សារកម្ពុជាអស់រយៈពេលប្រមាណជិត៤ខែមកនេះបានជំរុញឱ្យតម្លៃជ្រូករស់នៅកម្ពុជា រើបឡើងវិញបន្តិចមែនក្តី ប៉ុន្តែអ្នកចិញ្ចឹមនៅតែជួបបញ្ហាលំបាកក្នុងការចិញ្ចឹម និងហាក់អស់ជំនឿចិត្តក្នុងការពង្រីកកសិដ្ឋានរបស់ខ្លួនបន្ថែមទៀតផងដែរ ដ្បិតថា តម្លៃជ្រូករស់នៅតែមិនអាចលក់ចេញបានក្នុងតម្លៃលើសពី១ម៉ឺនរៀលក្នុង១គីឡូក្រាម។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា តម្លៃជ្រូករស់ដែលបានធ្លាក់ថ្លៃយ៉ាងគំហុកកាលពីពេលកន្លងទៅបានរើបឡើងវិញបន្តិច បន្ទាប់ពីអាជ្ញាធរបានបិទការនាំចូលនូវបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងបណ្តោះអាសន្នអស់រយៈពេលជិត៤ខែកន្លងមកនេះ។

តែយ៉ាងណា ប្រធានសមាគមរូបនេះអះអាងថា តម្លៃដែលបានរើបឡើងវិញនេះ នៅតែពិបាកសម្រាប់អ្នកចញ្ចឹមជ្រូកនៅឡើយ ពោលគឺស្ថានភាពទីផ្សារជ្រូករស់នៅកម្ពុជាបច្ចុប្បន្ននៅតែមិនអាចលក់បានលើសពីតម្លៃ១ម៉ឺនរៀលក្នុង១គីឡូក្រាម។ តួយ៉ាងសម្រាប់កសិករចិញ្ចឹមនៅតាមផ្ទះ ពួកគេអាចលក់បានក្នុងតម្លៃប្រមាណ៩ពាន់រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ខណៈនៅតាមកសិដ្ឋានធំៗអាចលក់បានក្នុងរង្វង់ជិត១ម៉ឺនរៀលក្នុង១គីឡូក្រាម។

បើតាមលោក ស៊្រុន ពៅ កត្តាដែលធ្វើឱ្យតម្លៃជ្រូករស់នៅកម្ពុជា មិនអាចរើបឡើងខ្ពស់លើសពី១ម៉ឺនរៀលក្នុង១គីឡូក្រាមនេះ គឺដោយសារបញ្ហាបវិបត្តិសេដ្ឋកិច្ច ដែលធ្វើឱ្យប្រជាពលរដ្ឋត្រូវកាត់បន្ថយលើការចំណាយផ្សេងៗជាដើម។ ម្យ៉ាងទៀត ការលួចនាំចូលនូវសាច់បង្កកខុសច្បាប់មួយចំនួនចូលមកទីផ្សារកម្ពុជា ក៏បានទាញទម្លាក់តម្លៃជ្រូករស់ក្នុងស្រុកមិនឱ្យរើបឡើងខ្ពស់ផងដែរ។

សម្រាប់ប្រធានសមាគមរូបនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជាបច្ចុប្បន្ននៅតែជួបការលំបាកច្រើន ដោយប្រជាកសិករនៅតែពិបាកក្នុងការចិញ្ចឹម ឬពង្រីកការចញ្ចឹមរបស់ខ្លួនបន្ថែម ដ្បិតថា ពួកគេបានបង្ហាញការអស់ជំនឿចិត្តលើក្រសួងស្ថានប័នពាក់ព័ន្ធ ក៏ដូចជាសមាគមផងដែរ ក្នុងការជួយជំរុញឱ្យវិស័យនេះមានភាពល្អប្រសើរឡើងវិញ ដូចនេះលោកជឿជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា គឺមិនអាចងើបឡើងប្រសើរវិញបានដោយរលូន និងឆាប់រហ័សនោះទេ។ ​

គួរបញ្ជាក់ថា នៅមុនពេលមិនទាន់មានការផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្សារកម្ពុជា តម្លៃជ្រូករស់នៅកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក ពោលគឺអាចលក់បានក្នុងតម្លៃប្រមាណ៧ពាន់រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ដែលតម្លៃនេះបានធ្វើឱ្យប្រជាកសិករ និងកសិដ្ឋានចិញ្ចឹមជ្រូកស្ទើរតែ៨០% បានបោះបង់ការចិញ្ចឹម និងក្ស័យធុនផងដែរ។

សូមជម្រាបថា ប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូលជាបណ្ដោះ​អាសន្ន រួមមាន អណ្ដាត ថ្លើម របស់គោក្របីជ្រូកមាន់បង្កក និងគ្រឿងក្នុងបង្កកមួយចំនួនទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម។ ការសម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននេះ គឺមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ខែមីនា រហូតដល់ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕