ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម ដែលមានប្រជាជនជាង៩៩លាននាក់ និងប្រទេសក្បែរខាងខ្លួន គឺមហាយក្សចិន ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ បានឈានរហូតដល់ជិតដល់១០០ពាន់លានដុល្លារអាម៉េរិកឯណោះនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ ជាមួយគ្នានេះវៀតណាមមានឱនភាពពាណិជ្ជកម្មជាមួយចិនជាង៣៩ពាន់លានដុល្លារ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងប្រទេសចិន កំពុងស្ទុះងើបឡើងវិញយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល បើទោះបីជាពិភពលោកកំពុងកើតមានជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាសកលយ៉ាងណាក្ដី។ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាម ហើយចិន ក៏ជាទីផ្សារនាំចេញធំបំផុតទី២របស់វៀតណាមផងដែរ នៅទូទាំងពិភពលោក។
ទិន្នន័យបច្ចុប្បន្នភាពពីការិយាល័យជាតិស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញរបស់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន បានឈានដល់ជិត២៨ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ កើនឡើង៥,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនេះប្រទេសវៀតណាម បាននាំចូលទំនិញពីចិន មានទំហំរហូតដល់ទៅ៦៧ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នានេះ ដោយកើនឡើង៣៤,៧%។
តួលេខនេះបានបង្ហាញថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ឱនភាពណិជ្ជកម្មរបស់វៀតណាមជាមួយចិន បានកើនឡើង៦៧,៩% ឈានដល់ជាង៣៩ពាន់លានដុល្លារអាម៉េរិក។
ការិយាល័យពាណិជ្ជកម្មវៀតណាម នៅទីក្រុងប៉េកាំង បាននិយាយថា សេដ្ឋកិច្ចចិនកំពុងងើបឡើងវិញជាវិជ្ជមាន ហើយរដ្ឋាភិបាលចិន ក៏កំពុងដាក់ចេញគោលនយោបាយស្ដីពីការគ្រប់គ្រងការនាំចេញនាំចូលផងដែរ ដែលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញទៅកាន់ទីផ្សារនេះ ប្រសិនបើផលិតផលនានាបំពេញបានតាមស្តង់ដាគុណភាព៕