ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានសម្រេចដកខ្លួនចេញពីការប្រជែង ដើម្បីបន្តតំណែងប្រធានាធិបតីក្នុងអាណត្តិទី២ ហើយបានប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីឱ្យធ្វើជាបេក្ខនារីតំណាងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយលោក ដូណាល់ ត្រាំ ដែលកំពុងចេញចេញដំណើរប្រកបដោយភាពវិជ្ជមាន។ ការប្រកាសដកខ្លួនភ្លាមៗរបស់លោក បៃដិន បានធ្វើទីផ្សារភាគហ៊ុន និងគោលនយោបាយសេដ្ឋកិច្ចនៅអាស៊ីរងការរង្គោះរង្គើ និងមានការប្រែប្រួលមួយរំពេច។
សារព័ត៌មានធំៗដូចជា CNBC បានរាយការណ៍ថា ទីផ្សារភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះនៅដើមសប្តាហ៍នេះ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានសម្រេចចិត្តចាកចេញពីការប្រជែងតំណែងប្រធានាធិបតីក្នុងអាណត្តិទី២ ដោយបានគាំទ្រអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារី ជាអ្នកបន្តនៅក្នុងនាមជាបេក្ខនារីប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
នៅក្នុងពេលជាមួយគ្នានោះ ធនាគារកណ្តាលរបស់ប្រទេសចិន ឯណោះវិញ ក៏បានប្រកាសកាត់បន្ថយអត្រាការប្រាក់ ដែលធនាគារកណ្តាលដាក់ចេញដើម្បីគ្រប់គ្រងបរិមាណហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាមួយនឹងធនាគារពាណិជ្ជនានា នៅក្នុងរយៈពេលខ្លីពី១,៨% មកនៅត្រឹម១,៧% ហើយអត្រាកម្ចីរយៈពេល១ឆ្នាំចុះមកនៅត្រឹម៣,៣៥% ខណៈដែលរយៈពេល៥ឆ្នាំថយចុះមកនៅត្រឹម៣,៨៥%។
ក្រៅពីនោះធនាគារប្រជាជនចិន ក៏បានកាត់បន្ថយតម្រូវការវត្ថុបញ្ចាំសម្រាប់ធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចី រយៈពេលមធ្យមរបស់ខ្លួនចាប់ពីខែកក្កដា តទៅផងដែរ តែបន្តរក្សាអត្រាការប្រាក់បច្ចុប្បន្ននៅដដែលត្រឹម ២,៥%។
សម្រាប់ទីផ្សារភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិកវិញ គឺបានស្រុតចុះ ជាក់ស្តែងដូចជាសន្ទស្សន៍ភាគហ៊ុន Hang Seng របស់ហុងកុង ដែលបានកើនឡើងបន្តិចមុនពេលបិទទីផ្សារជួញដូកាលពីចុងសប្តាហ៍ ស្រាប់តែធ្លាក់ចុះប្រហែល០,២% ស្របពេលដែលទីផ្សារភាគហ៊ុន CSI 300 របស់ចិនដីគោក បានធ្លាក់ចុះ០,៧២% ហើយទីផ្សារភាគហ៊ុនជប៉ុន បានធ្លាក់ចុះដល់ទៅ១,១៧%។
លោក ចូ បៃដិន ដែលមានអាយុ៨១ឆ្នាំ បានចូលកាន់កាប់សេតវិមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរងនូវការរិះគន់ជាបន្តបន្ទាប់ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងវ័យចំណាស់របស់លោក។ នៅក្នុងពេលកាន់តំណែង លោក បានកសាងកំហុសអចេតនាមួយចំនួន ហើយស្ថានភាពរិតតែធ្ងន់ធ្ងរនោះ គឺនៅក្នុងកិច្ចពិភាក្សាគ្នាជាមួយនឹងលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីគណបក្សសាធារណៈរដ្ឋកាលពីចុងខែមិថុនា។ ការច្រឡំហៅ លោក វ្ល៉ូឌីមៀ ហ្សាឡេនស្គី ប្រធានាធិបតីអ៊ុយក្រែនថា លោក ពូទីន ក៏ដូចជាច្រឡំហៅអនុប្រធានាធិបតីរបស់លោកថា ជាអនុប្រធានាធិបតី ត្រាំ ជាដើម ក៏ជាដើមចមធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនដកសេចក្តីទុកចិត្តរហូតលោកសម្រេចចិត្តបោះបង់បេក្ខភាព៕