Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីជំរុញឱ្យអត្រាឥណទានមិនដំណើរការនៅថៃ មានការកើនឡើងខ្ពស់?

Media LNN | Jul 24, 2024
តើមានកត្តាអ្វីជំរុញឱ្យអត្រាឥណទានមិនដំណើរការនៅថៃ មានការកើនឡើងខ្ពស់?
Clinic narith

ការកើនឡើងយ៉ាងគំហុកនូវឥណទានមិនដំណើរការ ឬកម្ចីខូចនៅប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ នេះ ភាគច្រើនកើតចេញពីអាជីវកម្មបោះដុំ និងអាជីវកម្មលក់រាយ។ នេះបើយោងតាមការឱ្យដឹងពីធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ។នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។

លោក ភីជិត មីត្រាវង់ (Phichit Mitrawong) នាយកគ្រប់គ្រងធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ(SME D Bank) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបានធ្វើឱ្យអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មលក់បោះដុំ និងអាជីវកម្មលក់រាយក្នុងស្រុក។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា គិតត្រឹមខែកក្កដា នេះ ឥណទានមិនដំណើរការ ឬកម្ចីខូចរបស់ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) មានចំនួន១៣%នៃផលប័ត្រឥណទានសរុបជិត២,៨ពាន់លានដុល្លារអាម៉េរិក របស់ខ្លួនដែលមានន័យថា បច្ចុប្បន្នធនាគារនេះមានឥណទានមិនដំណើរការជាង៣៥៨លានដុល្លារអាម៉េរិក។

តួលេខនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២៣ ដែលអត្រាឥណទានមិនដំណើរការមានក្នុងរង្វង់៨%។

លោក ភីជិត មីត្រាវង់ (Phichit Mitrawong) បានគូសបញ្ជាក់ថា ឥណទានដែលធនាគារនេះ បានផ្ដល់ទៅដល់អាជីវកម្មលក់បោះដុំ និងអាជីវកម្មលក់រាយមានទំហំគ្របដណ្ដប់ប្រមាណ៤០% នៃផលប័ត្រឥណទានរបស់ខ្លួន។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ធនាគារនេះបានអនុម័ត និងពង្រីកការផ្ដល់ឥណទានក្នុងទំហំសរុបប្រមាណ៨២៧លានដុល្លារអាម៉េរិក។

លោក ភីជិត មីត្រាវង់ (Phichit Mitrawong) បានថ្លែងថា ធនាគារនេះមានបំណងពង្រីកការផ្ដល់ឥណទានសរុបចំនួន១,៩ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋ ដែលមានបេសកកម្មបំពេញចន្លោះប្រហោងក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះមានន័យថា ធនាគារនេះជួយផ្ដល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមមួយចំនួនដែលមិនអាចទទួលបានឥណទានពីធនាគារពាណិជ្ជ។ បច្ចុប្បន្នថៃ មានសហគ្រាសធុនតូច និងមធ្យម (SMEs) ប្រមាណ៣,២លានសហគ្រាស៕