រាជរដ្ឋាភិបាលរំពឹងថា ការដាក់ចេញនូវគម្រោងកញ្ចប់សាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ ចែកទៅឲ្យពលរដ្ឋ ដែលមានអាយុពេញវ័យ នឹងជួយគាស់សេដ្ឋកិច្ចដែលកំពុងជាប់ផុងឲ្យស្ទុះងើបឡើងវិញ ហើយក៏ជាផ្នែកមួយជួយដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើងខ្ពស់នៅក្នុងប្រទេសថៃផងដែរ។
ពលរដ្ឋថៃ ដែលមានសិទ្ធិទទួលបានសាច់ប្រាក់នេះ អាចទៅចុះឈ្មោះចាប់ពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១៥ ខែកញ្ញាតទៅ ដោយក្នុងម្នាក់ទទួលបានប្រាក់ប្រហែល ១៧៧ ដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីរាយការណ៍ ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ នៅថ្ងៃទី ២៤ ខែកក្កដា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Pichai Chunavajira បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ថា ការចែកសាច់ប្រាក់ប្រហែល ១៧៧ដុល្លារ សម្រាប់ពលរដ្ឋថៃ ម្នាក់ៗ ដែលមានវ័យ១៦ឆ្នាំឡើងទៅ ក្រោមកម្រិតប្រាក់ចំណូលជាក់លាក់នៅក្នុងត្រីមាស៤ឆ្នាំនេះ គឺនឹងជួយជំរុញអំណាចទិញ, ស្ដារផលិតកម្មឲ្យប្រសើរឡើង និងជួយបង្កើនទំនុកចិត្តជារួមនៅក្នុងសេដ្ឋកិច្ចផងដែរ។
ជាមួយគម្រោងចែកសាច់ប្រាក់ដែលមានឈ្មោះថា Tang Rath នេះ អ្នកប្រើប្រាស់អាចយកសាច់ប្រាក់ដែលទទួលបានទៅ ចំណាយនៅក្នុងហាងលក់រាយជាង ២លានហាង ប៉ុន្ដែ ហាមយកទៅទិញគ្រឿងស្រវឹង និងកញ្ឆា។
មែនទែនទៅ គម្រោងចែកសាច់ប្រាក់នេះ ត្រូវបាននាយករដ្ឋមន្ត្រី លោក ស្រ៊ីថា ថាវីស៊ីន មានបំណងដាក់អនុវត្តចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ប៉ុន្ដែ ដោយក៏ត្រូវបានពន្យារពេលមកទល់ពេលនេះ ដោយសារតែមានការប្រទាំងប្រទើសគ្នានៅក្នុងសភា។
តាមរយៈគម្រោងនេះ នឹងគ្របដណ្ដប់លើពលរដ្ឋប្រមាណ ជាង ៥០លាននាក់ ហើយប្រសិនបើវាមានប្រសិទ្ធភាព អាជ្ញាធរថៃ ព្យាករថា នឹងជួយលើកស្ទួយអត្រាកំណើនសេដ្ឋកិច្ចប្រទេសថៃ ឲ្យប្រសើរឡើង ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍មួយនេះ ជាមធ្យមសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែតិចជាង ២%ប៉ុណ្ណោះ នៅរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ៕