ទីផ្សារលក់ម៉ូតូនៅប្រទេសអាស៊ានសំខាន់ៗដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ី ដែលមានអ្នកប្រើប្រាស់ម៉ូតូច្រើនជាងគេក្នុងតំបន់នេះ បានធ្លាក់ចុះក្នុងឆមាសទីមួយឆ្នាំនេះ ខណៈក្រុមហ៊ុនផលិតម៉ូតូនៅមិនទាន់មើលឃើញពីសន្ទុះកំណើននៃការលក់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ការលក់ម៉ូតូនៅទីផ្សារប្រទេសថៃ បានធ្លាក់ចុះ១០% នៅក្នុងឆមាសទី១ឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុនផលិត និងចែកចាយម៉ូតូដ៏ធំមួយនៅប្រទេសថៃ ក៏បានជួបបញ្ហាធ្លាក់ចុះនៃការលក់ផងដែរ។
លោក យូឈី ស៊ីមីហ្ស៊ូ (Yuichi Shimizu) ប្រធានក្រុមហ៊ុន Thai Honda បាននិយាយថា ភាពមិនអំណោយផលដល់ការលក់នេះបណ្ដាលមកពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះជាង១% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ការរឹតបន្តឹងរបស់ធនាគារក្នុងការផ្តល់ប្រាក់កម្ចីលើការទិញយានយន្ត និងវិស័យនាំចេញមានសន្ទុះយឺត។
ការលក់ម៉ូតូរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះ៧% មកនៅត្រឹម៨០ម៉ឺនគ្រឿងប៉ុណ្ណោះនៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុននេះជឿជាក់ថា សេដ្ឋកិច្ចថៃ នៅឆមាសទីពីរឆ្នាំនេះ នឹងមិនមានភាពប្រសើរឡើងខ្លាំងណាស់ណាទេដែលធ្វើឱ្យឧស្សាហកម្មយានយន្តរួមទាំងការលក់ម៉ូតូនៅតែមានការធ្លាក់ចុះដដែល។
ទន្ទឹមនេះ ការលក់ម៉ូតូនៅឥណ្ឌូនេស៊ី បានធ្លាក់ចុះ៤,៥% នៅក្នុងខែឧសភា ដោយសារតែអំណាចទិញបានធ្លាក់ចុះ។ ពេលនេះសមាគមឧស្សាហកម្មម៉ូតូ (AISI) របស់ប្រទេសនេះកំពុងពិចារណាកែប្រែគោលដៅលក់នៅឆ្នាំនេះ ប្រសិនបើការលក់ប្រចាំខែបានធ្លាក់ចុះនៅក្រោម ៥០ម៉ឺនគ្រឿង។
ទោះយ៉ាងណា ទីផ្សារម៉ូតូនៅវៀតណាម កំពុងងើបឡើងវិញដោយកើនឡើង១.៤% បន្ទាប់ពីលក់បានចំនួន១លាន៣៣ម៉ឺនគ្រឿង នៅក្នុងឆមាសទីមួយឆ្នាំ២០២៤ ដោយសារតែការលក់មានភាពវិជ្ជមានច្រើននៅក្នុងត្រីមាសទីពីរឆ្នាំនេះ ហើយក្រុមហ៊ុន Honda និងក្រុមហ៊ុន Yamaha ស្ថិតនៅលើទីផ្សារកំពូលគេ បើទោះបីជាការលក់របស់ពួកគេបានធ្លាក់ចុះបើធៀបនឹងឆ្នាំមុនក៏ដោយ។
ប្រទេសវៀតណាមបានកាន់កាប់ទីផ្សារលក់ម៉ូតូធំជាងគេទី៤នៅលើពិភពលោក និងធំជាងគេទី៣ក្នុងការលក់ម៉ូតូ ឬកង់អគ្គិសនី៕