បន្លែ ផ្លែឈើនាំចូលពីបរទេសយ៉ាងច្រើន ត្រូវបានគេសង្កេតឃើញមានចរាចរដាក់លក់នៅលើទីផ្សារនានានៅក្នុងប្រទេសកម្ពុជា ខណៈផលិតផលនាំចូលខ្លះ មានតម្លៃថោកជាងផលិតផលក្នុងស្រុក។ អ្នកជំនាញបានលើកឡើងថា កម្ពុជាមិនអាចដាក់របាំងពន្ធ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលកសិកម្មពីបរទេសបាននោះទេ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសទាំងនោះ។
ប៉ុន្តែអ្វីដែលកម្ពុជាអាចធ្វើបាន គឺការដាក់របាំងមិនមែនពន្ធតាមរយៈការបង្កើតប្រព័ន្ធត្រួតពិនិត្យស្តង់ដាគុណភាព និងសុវត្ថិភាពលើផលិតផលនាំចូលទាំងនោះ។ តើលំហូរបន្លែ ផ្លែឈើ ពីបរទេសអាចប៉ះពាល់ដល់ការលើកកម្ពស់វិស័យកសិកម្មកម្ពុជាដែរឬទេ?
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លំហូរចេញចូលនូវបន្លែ ផ្លែឈើ គឺជាលំហូរពាណិជ្ជកម្មសេរី ខណៈកម្ពុជាស្ថិតក្នុងចង្កោមនៃអង្គការ WTO និងជាសមាជិកអាស៊ាន ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសផ្សេងៗ។
បើតាមអ្នកជំនាញរូបនេះ កម្ពុជាពុំអាចបិទការនាំចូលបន្លែ និងផ្លែឈើចូលមកកម្ពុជានោះទេ ព្រោះទំនិញដែលនាំចូល និងនាំចេញ គឺផ្អែកទៅលើតម្រូវការនៃប្រទេសនីមួយៗ។ ប៉ុន្តែរដ្ឋាភិបាលអាចទប់ស្កាត់រាល់ទំនិញនាំចូលណាដែលបង្កផលប៉ះពាល់ដល់សុខភាព ដូចជាមានជាតិគីមី និងមិនមានគុណភាពជាដើម។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ សង្កេតឃើញថា ក្រោមការជួយលើកកម្ពស់របស់រាជរដ្ឋាភិបាលបានធ្វើឱ្យផលិតផល ឬទំនិញរបស់ខ្មែរជាច្រើនប្រភេទត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយដើម្បីទប់ស្គាត់ ឬកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាកសិករខ្លួនឯងត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលរបស់ខ្មែរ ដើម្បីស្រូបទាញសាធារណជនឱ្យងាកមកគាំទ្រផលិតផលខ្មែរ។
ម្យ៉ាងទៀត គួរបង្កើតតំបន់បោះដុំ ឬលក់កសិផលខ្មែរឱ្យបានច្រើនកន្លែង។
ជាមួយគ្នានេះលោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី យល់ឃើញថា ដើម្បីលើកកម្ពស់ផលិតផល ឬទំនិញរបស់ខ្មែរ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពិសេសមន្រ្តីជំនាញពាក់ព័ន្ធត្រូវមានស្មារតីជាតិនិយម ដោយពិនិត្យការបង់ពន្ធនាំចូល និងពិនិត្យរកសារធាតុគីមីហាមឃាត់ឱ្យបានត្រឹមត្រូវ ព្រោះមានករណីមិនប្រក្រតីមួយចំនួនបានគេចផុតពីការត្រួតពិនិត្យ ហើយអាចនាំមកលក់នៅលើទីផ្សារ។
ក្រៅពីនេះ អ្នកពាក់ព័ន្ធគួរគិតគូលើគោលនយោបាយពង្រឹងក្នុងតំបន់តាមរយៈការពង្រឹងសេដ្ឋកិច្ចគ្រួសារដែលផលិតនិងដាំដុះ ព្រមទាំងការអភិវឌ្ឍឱ្យទាន់សម័យឌីជីថលជាដើម។
បើតាមលោកបណ្ឌិត ហុង វណ្ណៈ នៅពេលផលិតផលខ្មែរដែលមានគុណភាព និងមានតម្លៃសមរម្យត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងមានការប្រើប្រាស់ច្រើនពីពលរដ្ឋក្នុងស្រុកនោះការនាំចូលផលិតផល ឬទំនិញមកពីបរទេសនឹងត្រូវកាត់បន្ថយទៅតាមនឹងដែរ លើកលែងតែផលិតផល ឬទំនិញដែលខ្មែរធ្វើមិនបានប៉ុណ្ណោះ៕