ព្យុះឈ្មោះហ្គ្សាមី (Gaemi) បានបង្កទឹកជំនន់ជន់លិចនិងបំណាក់ដី នៅប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសចិនរួចទៅហើយ ដែលបានធ្វើឱ្យ មនុស្សមួយចំនួនស្លាប់ ហើយប្រជាជនបង្ខំចិត្តជម្លៀសខ្លួនទៅរកទីសុវត្ថិភាព។
ដោយឡែកបើតាមការព្យាករណ៍អាកាសធាតុពីក្រសួងធនធានទឹកនិងឧតុមនិយមបានចេញផ្សាយនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា ព្យុះឈ្មោះហ្គ្សាមីនេះ នៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទន្ទឹមនឹងឥទ្ធិពលបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានការប្រែប្រួលអាកាសធាតុ មានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះលាយឡំនិងខ្យល់កន្រ្តាក់ រយៈពេល៣ថ្ងៃពោលចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលធ្វើឱ្យតំបន់ទាំង៣នៃប្រទេសជួបនូវស្ថានភាពដូចខាងក្រោម៖
១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៤,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៣០%។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៦,៥០ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣° ៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៥,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,២៥ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជាការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងការធ្វើដំណើរតាមដងផ្លូវ៕