Alynana Media Cambodia
Icon Collap
clinic narit

បំណុលឯកជនបានកើនឡើងដល់ជិត៥៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ

Media LNN | Jul 26, 2024
បំណុលឯកជនបានកើនឡើងដល់ជិត៥៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ
Clinic narith

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ មានប្រជាជនកម្ពុជា ប្រមាណជាង៤លានគណនី កំពុងប្រើប្រាស់កម្ចីឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលមានទំហំទឹកប្រាក់ប្រមាណជិត៥៩ពាន់លានដុល្លារអាម៉េរិក ដែលចំនួននេះមានកំណើនក្នុងអត្រាទាបប្រមាណ២,៦% ប៉ុណ្ណោះ ដែលជាកម្រិតទាបមិនធ្លាប់មាននៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៦,១% ដែលស្មើនឹងប្រមាណជាង៨៨ពាន់លានដុល្លារ។ នៅក្នុងចំណោមទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារសរុប វិស័យធនាគារមានចំណែកជិត៩៦%, វិស័យមីក្រូហិរញ្ញវត្ថុមានចំណែក៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំនួន០,៥%។

បើតាមការបញ្ជាក់របស់ធនាគារជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាបន្តបន្ទាប់ តួយ៉ាងគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ កំណើននៃចំនួនឥណទានអតិថិជនមានប្រមាណជាង៤លានគណនី ដែលមានទំហំឥណទានដល់ប្រមាណជិត៥៩ពាន់លានដុល្លារអាម៉េរិក​។ ដោយឡែកសម្រាប់គណនីប្រាក់បញ្ញើអតិថិជនវិញមានប្រមាណជាង២១លានគណនី ដែលមានទំហំទឹកប្រាក់បញ្ញើប្រមាណជិត៥២ពាន់លានដុល្លារអាម៉េរិក។

ចំពោះទំហំឥណទានប្រមាណជិត៥៩ពាន់លានដុល្លារ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ជូនអតិថិជននេះ ត្រូវបានលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា អះអាងថា គឺមានកំណើនទាបក្នុងអត្រា២,៦% ប៉ុណ្ណោះ ដែលជាកម្រិសតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ថ្នាក់ដឹកនាំរូបនេះបានបញ្ជាក់ថា ការថមថយនៃកំណើនឥណទាននេះ គឺអាចបណ្ដាលមកពីការបង្កើនភាពប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដូចជាស្របពេលដែលមានការងើបឡើងយឺតនៃវិស័យមួយចំនួនផងដែរ៕