ទោះបីស្ថិតក្រោមគំនាបពន្ធ និងការរឹតបន្តឹងលើការនាំចូលដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅបស្ចិមប្រទេស ក៏វិស័យឧស្សាហកម្មរបស់មហាយក្សចិន នៅតែរឹងមាំ ពោលគឺមិនត្រឹមតែមិនស្រុតចុះទេ ថែមទាំងស្ទុះឡើងលឿនជាងមុន ទោះបីស្ថានភាពសេដ្ឋកិច្ចជារួមរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ រាងស្រុតចុះបន្តិចក៏ដោយចុះ។ ការិយាល័យស្ថិតិជាតិនៃទីក្រុងប៉េកាំង បានអះអាងថា ប្រាក់ចំណូលពីវិស័យឧស្សាហកម្មរបស់ខ្លួនកើនឡើងដល់ទៅ៣,៥% ឯណោះ។
ទិន្នន័យផ្លូវការបានបង្ហាញថា ប្រាក់ចំណេញផ្នែកឧស្សាហកម្មរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតលឿនជាងមុននៅក្នុងខែមិថុនា បើទោះបីជាចិនរងសម្ពាធផ្នែកពន្ធ និងការរឹតត្បិតលើការនាំចេញ ដែលនាំឲ្យសេដ្ឋកិច្ចជារួមរង្គោះរង្គឺខ្លះៗក៏ដោយ។ របាយការណ៍របស់ការិយាល័យស្ថិតិជាតិនៃទីក្រុងប៉េកាំង បានបង្ហាញថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ អត្រាប្រាក់ចំណូលពីវិស័យឧស្សាហកម្មចិន បានកើនឡើង៣,៤% ប៉ុន្តែបើបូកដល់ខែមិថុនា ពោលគឺនៅឆមាសទី១ឆ្នាំនេះ ប្រាក់ចំណូលពីវិស័យឧស្សាហកម្មចិន បានកើនឡើងដល់៣,៥%។
លោក វៃ នីង (Wei Ning) អ្នកស្ថិតិនៅវិទ្យាស្ថានជាតិ ស្តិតិក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កំណើននៃផលិតកម្មឧស្សាហកម្មយ៉ាងឆាប់រហ័សរបស់ចិននេះ គឺជាការឆ្លើយតបទៅនឹងចំណាត់ការរបស់អាជ្ញាធរដែលដាក់ចេញចាប់តាំងពីត្រីមាសទី២មក។ លោកទទួលស្គាល់ថា វិស័យឧស្សាហកម្មចិន ពិតជារងសម្ពាធជាច្រើនមែន ប៉ុន្តែចំណាត់ការដែលរដ្ឋាភិបាលចិនបានដាក់ចេញ គឺបានឆ្លើយតបនឹងបរិយាកាសអន្តរជាតិដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញនេះប្រកបដោយប្រសិទ្ធភាព។
មកដល់ពេលនេះ ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងជាមួយលោកខាងលិចក៏ដោយ ក៏ក្រុមហ៊ុនគ្រប់គ្រងការបញ្ជូនទិន្នន័យតាមខ្សែកាបអុបទិកធំៗពីររបស់ចិននៅតែបន្តព្យាករណ៍ថា អត្រាប្រាក់ចំណេញរបស់ខ្លួននឹងបន្តកើនឡើងច្រើនបន្ថែមទៀត ខណៈក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេដឹងថា គឺជាអ្នកផ្គត់ផ្គង់ផលិតផលសៀឃ្វីអគ្គិសនីច្រើនបំផុតទៅសហរដ្ឋអាម៉េរិក។
ដោយឡែកក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ក៏បានរាយការណ៍ពីប្រាក់ចំណេញកើនឡើង០,៣% នៅក្នុងឆមាសទីមួយផងដែរ ស្របពេលដែលក្រុមហ៊ុនឧស្សាហកម្មបរទេសបានកត់ត្រាការកើនឡើងប្រាក់ចំណេញ១១% ហើយក្រុមហ៊ុនឯកជនបានកត់ត្រាការកើនឡើង៦,៨%។
ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ការិយាល័យរៀបចំផែនការនិងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ចិននឹងបន្តដាក់ចេញនូវកញ្ចប់លើកកម្ពស់ និងជំរុញសេដ្ឋកិច្ចបន្ថែមទៀត។ ជាមួយគ្នានេះ ស្ថាប័នជំនាញរបស់ចិន កំពុងរៀបចំកញ្ចប់ផែនការដែលមានទំហំទឹកប្រាក់រហូតដល់ជាង៤១ពាន់លានដុល្លា ដើម្បីបង្កើនការធ្វើឱ្យប្រសើរឡើងនូវយន្តការពាណិជ្ជកម្ម និងឧស្សាហកម្មទូទាំងប្រទេស៕