នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ កំពុងសម្លឹងឃើញឆ្នាំមាស ដោយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើការជំរុញការប្រើប្រាស់ក្នុងស្រុក និងការនាំចេញផ្លែឈើ ដើម្បីជួយកសិករក្នុងការទទួលបានផលចំណេញពីទីផ្សារថ្មីៗដូចជាសហរដ្ឋអាម៉េរិក អឺរ៉ុប និងកាណាដាជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
លោក វ៉ាតតាណាសាក់ ស៊ូអៀម (Wattanasak Sur-iam) ប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ បានចាត់ទុកឆ្នាំ២០២៤ គឺជាឆ្នាំមាសសម្រាប់ផ្លែឈើថៃ ដោយសារវាមានស្ថិរភាពទីផ្សារ និងតម្លៃខ្ពស់បើធៀបនឹងឆ្នាំមុន។ ទោះបីបាតុភូតអែលនីណូ (El Nino) ធ្វើឱ្យមានការពន្យារពេលក្នុងការប្រមូលផលក៏ដោយ តែផលិតកម្មផ្លែឈើសរុបរបស់ថៃ បានកើនឡើង៣% ពោលគឺកើនឡើងពីជិត៧លានតោនកាលពីឆ្នាំមុន។ ក្នុងនោះទិន្នផលទុរេន បានកើនឡើង៣% មង្ឃុតកើនឡើង១៩៥% សាវម៉ាវ កើនឡើង៥% និងម្នាស់កើនឡើង១០%។
ក្រសួងពាណិជ្ជកម្មថៃ កំពុងតាមដានយ៉ាងដិតដល់លើការផលិត និងការចែកចាយផ្លែឈើតាមរយៈវិធានការគ្រប់គ្រងផ្លែឈើ ដែលរួមមានការសម្របសម្រួលជាមួយហាងលក់ទំនិញ ហាងលក់រាយ និងលក់ដុំធំៗ និងស្ថានីយប្រេងឥន្ធនៈ ដើម្បីទិញផ្លែឈើតាមរយៈយន្តការកិច្ចសន្យាកសិកម្ម និងការពង្រីកបណ្តាញចែកចាយ។ ក្រសួងនេះបានសហការជាមួយស្ថាប័នរដ្ឋពាក់ព័ន្ធ ដើម្បីសម្រួលដល់ការនាំចេញផ្លែឈើតាមច្រកព្រំដែន ដែលបានជំរុញឱ្យតម្លៃផ្លែឈើកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំមុន។
ផ្លែទុរេនកម្រិត A និងកម្រិត B មានតម្លៃប្រមាណ៥ដុល្លារ ក្នុង១គីឡូក្រាម ដោយកើនឡើងពីជាង៣ដុល្លារ ផ្លែមង្ឃុត មានតម្លៃជាង៣ដុល្លារ ក្នុង១គីឡូក្រាម និងផ្លែទុរេន កម្រិតធម្មតា មានតម្លៃជាង១ដុល្លារក្នុង១គីឡូក្រាម។
នៅឆ្នាំ២០២៤ នាយកដ្ឋាននេះគ្រោងនាំចេញផ្លែល្ហុងស្រស់ទៅកាន់អាម៉េរិក អឺរ៉ុប និងកាណាដា បន្ទាប់ពីការបើកទីផ្សារនាំចេញថ្មីៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌាបន្ថែមពីលើប្រទេសចិន ដែលជាទីផ្សារនាំចេញដ៏សំខាន់៕