អ្នកជំនាញរូបិយប័ណ្ណអន្តរជាតិ ដ៏ល្បីល្បាញមួយរូបបានព្រមានធ្ងន់ៗថា ប្រទេសណាដែលធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬឈប់ប្រើប្រាស់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Business Insider។ តើផ្អែកលើហេតុផលចម្បងអ្វីខ្លះបានជាអ្នកជំនាញរូបិយប័ណ្ណអន្តរជាតិខាងលើហ៊ានព្រមានបែបនេះ?
លោក ជេហ្វ្រី គ្រីស្ទៀន (Jeffrey Christian) អ្នកជំនាញរូបប័ណ្ណអន្តរជាតិ និងជាស្ថាបនិកក្រុមហ៊ុនវិនិយោគ CPM Group បានព្រមានថា ការធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងមាននិន្នាការ កើនឡើង មិនយូរទេ វានឹងជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេសណាដែលងាកចេញពីប្រាក់ដុល្លារអាម៉េរិក។
អ្នកជំនាញរូបិយប័ណ្ណអន្តរជាតិ រូបនេះជឿថា ប្រទេសនានា ដូចជារុស្ស៊ី មហាយក្សចិន និងប្រទេសឥណ្ឌា ជាដើម ដែលសុទ្ធតែជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS នឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ដោយសារតែការព្យាយាមងាកចេញពីប្រាក់ដុល្លារអាម៉េរិក។
ថ្វីបើប្រទេសរុស្ស៊ី មហាយក្សចិន និងប្រទេសឥណ្ឌា បាននិងកំពុងដឹកនាំយុទ្ធនាការធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ យ៉ាងផុសផុលក្ដី ក៏ប្រាក់ដុល្លារអាម៉េរិក ទំនងជានៅតែមានឥទ្ធិពលខ្លាំងដដែល ដោយសារការប្រើប្រាស់រូបិយប័ណ្ណរបស់ពិភពលោកមួយនេះមានលក្ខណៈទូលំទូលាយខ្លាំង និងផ្ដល់សាច់ប្រាក់ងាយស្រួល។
អ្នកជំនាញរូបិយប័ណ្ណអន្តរជាតិ រូបនេះ បានសង្កត់ធ្ងន់ថា មានហេតុផលចម្បងចំនួន៣ ធ្វើឱ្យប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារ នឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងពេលដ៏ខ្លីខាងមុខរួមមាន៖
ទី១, បញ្ហាការទូទាត់៖ ប្រតិបត្តិការទូទាត់ដែលមិនប្រើប្រាស់ប្រាក់ដុល្លារ ប្រឈមនឹងហានិភ័យ និងភាពស្មុគស្មាញខ្ពស់ជាងធម្មតាដោយសារប្រាក់ដុល្លារផ្ដល់សាច់ប្រាក់ងាយស្រួល។ ទី២៖ ពាណិជ្ជកម្មមានកម្រិត៖ ការងាកចេញពីប្រាក់ដុល្លារ អាចធ្វើឱ្យការនាំចូល និងការនាំចេញត្រូវបានរឹតបន្តឹង ដែលជាលទ្ធផលធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងទី៣៖ ការបាត់បង់តម្លៃ៖ ការកាន់កាប់រូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារ អាចជាការវិនិយោគមិនសូវល្អបើធៀបនឹងប្រាក់ដុល្លារ ដែលមានស្ថិរភាពខ្ពស់ និងមានតម្លៃ។
លោក ជេហ្វ្រី គ្រីស្ទៀន (Jeffrey Christian) និងអ្នកជំនាញផ្សេងៗទៀតបានលើកឡើងថា ទម្រាំតែពិភពលោកអាចរករូបិយប័ណ្ណផ្សេងមកជំនួសប្រាក់ដុល្លារបាន គឺត្រូវការពេលច្រើនទសវត្សរ៍ទៅមុខទៀត ឬទាល់តែសេដ្ឋកិច្ចពិភពលោកឈានដល់ការដួលរលំធ្ងន់ធ្ងរ៕