ទំហំនាំចេញអង្កររបស់វៀតណាម ត្រូវបានព្យាករថា អាចនឹងឈានដល់៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ នេះ ប្រសិនបើការនាំចេញអង្កររបស់ប្រទេសនេះ រក្សាបានសន្ទុះដូចបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
អ្នកជំនាញបានលើកឡើងថា មានឱកាសច្រើនណាស់សម្រាប់ការនាំចេញអង្កររបស់វៀតណាម ដោយសារមានតម្រូវការខ្ពស់ក្នុងចំណោមបណ្ដាប្រទេសនាំចូលអង្ករធំៗដូចជាប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី មហាយក្សចិន និងអាហ្វ្រិកជាដើម។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បាននាំចូលអង្ករជាង២លានតោន ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ ហើយគ្រោងនឹងនាំចូលជាង២លានតោនបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២៤។
លោក វូ ទួន អាញ់ (Vu Tuan Anh) នាយកប្រតិបត្តិក្រុមហ៊ុននាំចេញអង្ករវៀតណាម GLE បានព្យាករថា ប្រទេសឥណ្ឌូនេស៊ី អាចនាំចូលអង្ករបានរហូតដល់ទៅជាង៤លានតោន ក្នុងឆ្នាំ២០២៤ ប្រសិនបើទិន្នផលដំណាំរបស់ប្រទេសនេះធ្លាក់ចុះលើសពីការរំពឹងទុកដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ ឬសត្វល្អិតចង្រៃដែលជាឱកាសល្អសម្រាប់អ្នកនាំចេញអង្ករវៀតណាម ខណៈដែលអង្ករវៀតណាម ស្ថិតក្នុងចំណោមអង្ករដែលមានគុណភាពខ្ពស់បំផុតនៅក្នុងពិភពលោក។
លោកបានបន្ថែមថា ក្រៅពីនេះក៏មានឱកាសល្អដែរក្នុងការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលបាននាំចូលអង្ករពីប្រទេសវៀតណាម ជាង១,៧លានតោន ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ហើយតម្រូវការនេះត្រូវបានព្យាករថា នឹងនៅថេរក្នុងឆមាសទី២ ឆ្នាំនេះ។
ទិន្នន័យរបស់គយវៀតណាម បានបង្ហាញថា ចាប់តាំងពីដើមឆ្នាំដល់ពាក់កណ្ដាលខែកក្កដា វៀតណាមនាំចេញអង្ករ បានជាង៤,៨លានតោន ក្នុងទំហំទឹកប្រាក់ជិត៣,១ពាន់លានដុល្លារអាម៉េរិក។ តម្លៃអង្ករនាំចេញរបស់វៀតណាម ជាមធ្យមបានកើនឡើង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃអង្កររបស់វៀតណាម ឈានដល់ជាង៦១០ដុល្លារអាម៉េរិក ក្នុងមួយតោននៅពេលនេះ។
លោក ង្វៀន ង៉ុក ណាំ (Nguyen Ngoc Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានអះអាងថា តម្រូវការអង្ករក្នុងពិភពលោកនៅតែមានខ្ពស់ ជាពិសេសទីផ្សារប្រពៃណីដូចជាប្រទេសចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ជាដើម ដែលសុទ្ធតែជាអ្នកនាំចូលអង្ករវៀតណាម ធំៗ។ សមាគមនេះបានណែនាំយ៉ាងសកម្ម ដើម្បីឱ្យគេស្គាល់អង្ករវៀតណាម សម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីៗដូចជាអាហ្វ្រិក និងតំបន់មជ្ឈមបូព៌ា ជាដើម៕