ប្រទេសវៀតណាមនៅពេលនេះកំពុងស្វះស្វែងរកវិធីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា ដើម្បីសម្រេចផែនការបង្កើនការនាំចូលរ៉ែធ្យូងថ្មពីប្រទេសឡាវ ឱ្យបានរហូតដល់ទៅ២០លានតោនក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
ដើម្បីបង្កើនការនាំចូលធ្យូងថ្មពីប្រទេសឡាវ បណ្ដាសាជីវកម្ម និងក្រុមហ៊ុនវៀតណាម ចាំបាច់ត្រូវចរចាជាមួយបណ្ដាដៃគូឡាវ ហើយស្នើឱ្យភាគីឡាវ ដោះស្រាយជាបន្ទាន់នូវឧបសគ្គនានា ដែលកំពុងកើតមាននៅក្នុងសកម្មភាពនាំចូលនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុង ឌាន (Nguyen Hong Dien) បានលើកសំណើទាំងនេះនៅក្នុងសន្និសីទមួយស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើការទិញធ្យូងថ្មជាមួយប្រទេសឡាវ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីសប្តាហ៍មុន។
លោក ទ្រុញ ឌុក ឌុយ (Trunh Duc Duy) អនុប្រធាននាយកដ្ឋានប្រេងឥន្ធនៈ និងធ្យូងថ្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ការអនុវត្តអនុស្សារណៈនៃយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែធ្យូងថ្មដែលបានចុះហត្ថលេខារវាងភាគីវៀតណាម និងភាគីឡាវ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជំរុញលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកផ្គត់ផ្គង់ធ្យូងថ្មផ្ដល់អាទិភាពលើការទិញធ្យូងថ្មឡាវ សម្រាប់ការផលិតអគ្គិសនី។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ វៀតណាមបាននាំចូលធ្យូងថ្មពីប្រទេសឡាវ ប្រមាណ២,២លានតោន ក្នុងទំហំទឹកប្រាក់ប្រមាណ១៥៩លានដុល្លារអាម៉េរិក។ ទិន្នន័យផ្លូវការបង្ហាញថា ការនាំចូលធ្យូងថ្មពីប្រទេសឡាវ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះមានប្រមាណជិត១,២លានតោន ក្នុងទំហំទឹកប្រាក់ជិត៧៦លានដុល្លារអាម៉េរិក។
ទោះជាយ៉ាងណាលោក ទ្រុញ ឌុក ឌុយ (Trunh Duc Duy) អនុប្រធាននាយកដ្ឋានប្រេងឥន្ធនៈ និងធ្យូងថ្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា នៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើនដែលវៀតណាម ត្រូវយកចិត្តទុកដាក់ដោះស្រាយដើម្បីសម្រេចផែនការបង្កើនការនាំចូលធ្យូងថ្មពីប្រទេសឡាវឱ្យបានរហូតដល់ទៅ២០លានតោនក្នុងមួយឆ្នាំៗ៕